រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បង្ហាញថា វិស័យ​អប់រំ​នៅ​កម្ពុជា មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវការ​វិធានការ​បន្ទាន់​ដើម្បី​ពង្រឹង​គុណភាព​

ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​លទ្ឋផល​នៃ​កម្មវិធី​អន្តរជាតិ​រង្វា​យ​តម្លៃ​ការសិក្សា​របស់​ស្សិ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ នៅ​សណ្ឋាគារ​ខេមរា​អង្គរ ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា មានប្រសាសន៍ថា កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​រង្វាយ​តម្លៃ​ការសិក្សា​របស់​ស្សិ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ហៅ​កាត់​ថា​PISA-D​ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​គម្រោង​តែមួយគត់​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍ ហៅ​កាត់​ថា​OECD និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត​ក្នុង​បំណង​ធ្វើតេស្ត​រង្វាយ​តម្លៃ​ការសិក្សា​របស់​សិស្ស​សម្រាប់​ប្រទេស​ចំណូល​ទាប និង​មធ្យម ដែល​គម្រោង​នេះ​រួមចំណែក​ក្នុង​ការពិនិត្យ​តាមដាន​គោលដៅ​អប់រំ​ជា​សកល​ទាក់ទង​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា លទ្ឋផល​PISA-D បាន​បង្ហាញ​ពី​សិស្ស​អាយុ​១៥​ឆ្នាំ​នៅ​កម្ពុជា មាន​សមត្ថភាព​ខ្ពស់​ជាង​សិស្ស​អាយុ​១៥​ឆ្នាំ​នៅ​ប្រទេស​សេ​ណេហ្គា​ល់​និង​សំ​ប៊ី លើ​គ្រប់​មុខ​វិជ្ជា និង​មាន​សមត្ថភាព​លើ​មុខវិជ្ជា​គណិតវិទ្យា​ប្រហាក់ប្រហែល​នឹង​សិស្ស​ក្នុង​បណ្តា​ប្រទេស​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​រង្វាយ​តម្លៃ​ការសិក្សា​របស់​ស្សិ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ចំពោះ​អំ​ណាន​និង​វិទ្យាសាស្ត្រ​វិញ សិស្ស​កម្ពុជា​ជា​មធ្យម​មាន​សមត្ថភាព​ទាប​ជាង​សិស្ស​នៅ​បណ្តា​ប្រទេស​ជា​សមាជិក PISA-D និង​ប្រទេស​សមាជិក​អាស៊ាន មាន​វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​សឹង្ហ​បុរី ហើយ​សិស្ស​កម្ពុជា មាន​វិន័យ​ល្អ​ក្នុង​ថ្នាក់រៀន ស្តាប់​គ្រូ មិន​ឡូឡា​ប្រសើរ​ជាង​សិស្ស​ជា​សមាជិក PISA-D​និង​OECD ជាពិសេស​ពួកគេ​ភាគច្រើន​បង្ហាញ​ពី​ទស្សនៈ​វិជ្ជមាន​ចំពោះ​គ្រូបង្រៀន​។

​ឯកឧត្តម ហង់ ជួន​ណារ៉ុន មានប្រសាសន៍​បន្ថែម​ទៀត​ថា យ៉ាងណាក៏ដោយ ក៏​ការវិភាគ​បានបង្ហាញ​ថា កម្ពុជា​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​វិស័យ​អប់រំ​ដែល​ត្រូវការ​វិធានការ​បន្ទាន់​ដើម្បី​ពង្រឹង​គុណភាព​អប់រំ ដូច​ជា​សិស្ស​រៀន​ត្រួត​ថ្នាក់ សិស្ស​ចូលរៀន​យឺត រៀន​ក្រោម​កម្រិត​ថ្នាក់​ដែល​ខ្លួន​ត្រូវ​រៀន បើ​ធៀប​នឹង​អាយុ ការបាត់​ម៉ោង​សិក្សា ដោយសារ​គ្រូ​និង​សិស្ស​មក​យឺត ខណៈ​ដែល​ការ​មក​យឺត​របស់​គ្រូ បាន​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​តាម​សាលារៀន​នៅ​កម្ពុជា ដែល​ជា​កត្តា​ឱ្យ​សិស្ស​មក​រៀន​យឺត និង​កត្តា​ប៉ះពាល់​ដល់​គុណភាព​បង្រៀន និង​ការសិក្សា​របស់​សិស្ស ហើយ​ចំនួន​ម៉ោង​សិក្សា​នៅ​កម្ពុជា ពី​បឋម​ដល់​អនុវិទ្យាល័យ ប្រហាក់ប្រហែល​នឹង​បណ្តា​ប្រទេស​ទទួល​ពិន្ទុ​ខ្ពស់​លើ​រង្វាយ​តម្លៃ​PISA ដូចជា​កូរ៉េ​ខាងត្បូង ចិន​ម៉ា​កាវ ជប៉ុន សឹង្ហ​បុរី ហើយ​ម៉ោង​សិក្សា​នេះ មិនមែន​ជា​បញ្ហា​ធ្វើ​ឱ្យ​សិស្ស​នៅ​កម្ពុជា​រៀន​ខ្សោយ​នោះទេ ផ្ទុយ​មកវិញ ការបាត់​ម៉ោង​និង​គុណភាព​បង្រៀន​ទើប​ជា​បញ្ហា​ចម្បង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​