ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បើក​យុទ្ធនាការ “​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​»

ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​យុទ្ធនាការ​ក្រោម​ប្រធានបទ “​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​» ដែល​រៀបចំ​ធ្វើឡើង​នៅ​តំបន់​ផ្សារ​ចាស់ ក្នុង​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ទីប្រជុំជន និង​អ្នកលក់ដូរ​នៅតាម​ផ្សារ​ចាប់ផ្ដើម​យល់ដឹង​ពី​បញ្ហា​បរិស្ថាន​ដែល​កើតមានឡើង​ដោយសារ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើន​លើសលប់​ផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​ច្រើន មកជា​ការប្រើប្រាស់​កន្ត្រ​ក​បរិស្ថាន​ដែល​ធ្វើឡើង​ពី​កញ្ជរ ផ្ដៅ ឬ ក្រណាត់ និង​តាម​វិធី​ផ្សេងៗ​ទៀត​ដែលមាន​មេត្រីភាព​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​នៅតាម​ទីប្រជុំជន​សំខាន់ៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។

​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ ដូចជា​៖ ១-​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ចលនា​ទូលំទូលាយ​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត ក៏ដូចជា​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក , ២- ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ជា​អចិន្ត្រៃយ៍ នូវ​ការផ្តល់​ថង់​ប្លា​ស្ទិ​កដោយ​មិន​គិតថ្លៃ​ដល់​អតិថិជន និង ៣- ចូលរួមចំណែក​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​សហគមន៍​ផលិត​កន្ត្រ​កក​ញ្ចោ​រ ។

​យុទ្ធនាការ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ ២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា មន្ត្រីរាជការ​ក្នុង​ខេត្ត អាជ្ញាធរ​ក្រុង​សៀមរាប អាជ្ញាធរ​សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប យ៉ាងច្រើន​កុះករ ។

​ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា បញ្ហា​ថង់​ប្លា​ស្ទិ​ក វា​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​សោភ័ណភាព​ទីក្រុង និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ខណៈ​បច្ចុប្បន្ននេះ សំណល់​ថង់​ប្លា​ស្ទិ​ក​នៅតាម​បណ្តា​ទីប្រជុំជន​នៃ​រាជធានី ខេត្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​បណ្តាលមកពី​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន ហើយ​បញ្ហា​នេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​សោភ័ណភាព​ទីក្រុង សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ភាព​ទាក់ទាញ​សម្រាប់​ទេសចរ ដែល​តាម​ទីក្រុង​ធំៗ ប្រជាពលរដ្ឋ​ម្នាក់ បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពី​៤០​ទៅ​៥២ ថង់​ប្លា​ស្ទិ​ក​ក្នុង​មួយ​សបា្តហ៍ ធ្វើ​ឲ្យ​បរិមាណ​សំរាម សំណល់​ទីប្រជុំជន​ដែល​បាន​បង្កើតឡើង​គឺ​ជាង ១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​ដូច្នេះ​សរុប​មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត ៤​លាន​តោន ក្នុងនោះ ២០​ភាគរយ​នៃ សំណល់​សំរាម​នេះ គឺជា​សំណល់​ថង់​ប្លា​ស្ទិ​ក ។

​ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍​ទៀតថា សំណល់​ថង់​ប្លា​ស្ទិ​ក បាន​បង្ក​ផលប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​រួមមាន ៖ ការធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ​ដែល​បង្កឱ្យមាន​ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់ , ការធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​និង​ទីប្រជុំជន , នៅពេល​គេ​បោះចោល​ថង់​ប្លា​ស្ទិ​ក​នៅក្នុង​បរិស្ថាន វា​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ​នៅក្នុង​ទឹក ជាពិសេស​មច្ឆជាតិ​អាច​ទទួលរង​ពី​ការធ្វើឱ្យ​ស្លាក់​ដោយសារតែ​ពួកគេ​គិតថា​ជា​ចំណី ហើយ​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ , ជា​ជម្រក​ភ្នាក់ងារ​ចម្លងជំងឺ​មួយចំនួនធំ និង​មួយផ្នែក​ទៀត​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​អាច​ជ្រាបចូល​ទៅក្នុង​ដី និង​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី ធ្វើឱ្យមាន​ការបំពុល​ទឹក និង​ដី , នៅពេលដែល​ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ​ជាពិសេស​អាហារ​ក្តៅៗ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដោយសារ​តែ​សារ​ធាតុគីមី​ដែលមាន​ផ្ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ជាដើម ។

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនា​ការអប់រំ និង​ការផ្សព្វផ្សាយ​បរិស្ថាន នាពេលនេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ក្មួយៗ​យុវជន សិស្សានុសិស្ស អំពី​ការគ្រប់គ្រង ការញែក និង​ការកាត់បន្ថយ​សំណល់​រឹង ដើម្បី​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ​និង​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ជាពិសេស​ការអនុវត្ត​ន៍​តាម​គោលការណ៍ ៣R ដូចជា​ការកាត់បន្ថយ រឺ​ឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ងាក​មកប្រើប្រាស់​នូ​វក​ន្ទ្រ​ក​បរិស្ថាន ស្លឹក​ឈូក​ស្លឹកចេក​ជាដើម ក្នុងការ​វេច​ខ្ចប់​ជំនួស​ដោយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ៕​