ម្សិលមិញ ជនជាតិ​បរទេស​ម្នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​ជំងឺផ្លូវចិត្ត ដោយ​អត់​ហូប​អាហារ​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​១៧​និង​៤៥​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ OKUNIEV DMYTRO ភេទ​ប្រុស កើត​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៦៥ ជនជាតិ អ៊ីស្រាអែល កាន់​លិខិតឆ្លងដែន​លេខ ២២៨១៦៨០៧ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ភ្ញា​រ​ជ័យ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បន្ទាប់ពី​ជនរងគ្រោះ ត្រូវបាន​ម្ចាស់​ផ្ទះជួល​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក ។

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​ត្ន័ គ្រូពេទ្យ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ស្លាប់​ដោយសារ​ខ្សោយ​គ្រប់​សរីរាង្គ គឺ​ជំងឺផ្លូវចិត្ត អត់​បរិភោគ​ចំណីអាហារ ហើយ​សាកសព​ត្រូវបាន​បញ្ជូនទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត ៕​