បទពិសោធន៍​របស់​ស្ត្រី​ក្នុង​រាយការណ៍​ទៅកាន់​ប៉ូលីស​

យោងតាម​របាយការណ៍​របស់​អង្គការ​លីកាដូ និង​អង្គការ​សហប្រជាជាតិ បានឲ្យដឹងថា ប៉ូលិស​ជារឿយៗ​មិន​គិត​ថា​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​បទឧក្រិដ្ឋ​នោះទេ លុះត្រាតែ​មាន​ការពាក់ព័ន្ធ​នឹង​ការរង​របួស​។ ពួកគេ​មិន​គិត​ថាបញ្ហា​នេះ​ស្ថិតនៅក្នុង​យុត្តាធិការ​របស់​ពួកគេ​ទេ​។ ប៉ូលិស​ឆ្លើយតប​តែ​ចំពោះ​ឧប្បត្តិហេតុ​ហិង្សា​ដែល​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​ជារឿយៗ​ពួកគេ​មិន​អនុវត្ត​ដីកា​ការពារ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​នាពេល​អនាគត​ឡើយ​។​

​អ្នកស្រី ម៉ៅ នៅ​ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​បាន​និយាយថា នៅពេល​ដែល​គ្រួសារ​អ្នកស្រី កើត​អំពើហិង្សា​អ្នកស្រី​មិនបាន​ធ្វើ​ការរាយការណ៍​ទៅកាន់​អាជ្ញាធរ​ទេ​ព្រោះ​អ្នកស្រី​គិតថា​វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គ្រួសារ ម្យ៉ាងវិញទៀត​បើ​រាយការណ៍​ក៏​មិន​ទទួលបាន​ការដោះស្រាយ​ស​ម​ស្រប​ទេ​។ តែ​អ្នកស្រី​សូម​ឲ្យ​ស្ត្រី​គ្រប់រូប​ត្រូវ​រាយការណ៍​នៅពេល​មាន​ករណី​អំពើហិង្សា​កើតឡើង ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ការដោះស្រាយ​ជូន​ឲ្យ ទាន់ពេល កុំ​ទុក​ឲ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​គ្រួសារ​អ្នកស្រី​។

​អ្នកស្រី ភឿន ប៉ិល អាយុ​២៦​ឆ្នាំ នៅ​ឃុំ​ខ្នារ​សណ្តាយ​ដូចជា​ដែរ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា នៅពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​គឺ​មិន​បាន​រាយការណ៍​ទៅ​ប៉ូលីស​នោះទេ គឺ​រាយការណ៍​ទៅកាន់​មេភូមិ​ដើម្បី​សម្របសម្រួល​សិន​ព្រោះ​មេ​ភូមិ​ជា​អ្នក​ដែល​នៅ​ជិតស្និត​ជាមួយ​ពលរដ្ឋ​បំផុត​។ ក្នុងករណី​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​មេភូមិ​ដោះស្រាយ​មិន​បាន​គឺ​ត្រូវ​រាយការណ៍​ទៅ​កាន់​ប៉ូលីស​ដើម្បី​ដោះស្រាយ​បន្ត​។​

​លោក អនុ​សេនីយ៍​ឯង អ៊ឹម អុន មេ​ប៉ុស្តិ៍​ខ្នារ​សណ្តាយ បាន​លើកឡើង​ថា មាន​ការផ្សព្វផ្សាយ​នៅ​ពេល​ប្រជុំ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ថា នៅពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​ឬ​បំរុង​នឹង​កើតឡើង​សូមឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត​ដើម្បី​ជួយ​អន្តរាគមន៍​។ រាល់​ករណី​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​មក​លោក​នឹង​ដោះស្រាយ​ឲ្យបាន​ល្អ​ប្រសើរ និង​គ្មាន​ការគិត​ប្រាក់​ពី​ជនរងគ្រោះ​ទេ​។

ប៉ូលិស​ត្រូវធ្វើ​ការអន្តរាគមន៍​លើ​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ រួម​ទាំង​អំពើ​ហិង្សា​ផ្នែក​អារម្មណ៍ ផ្លូវចិត្ត ការគ្រប់គ្រង​អាកប្បកិរិយា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវិត​របស់​ស្ត្រី ការរំលោភបំពាន​ផ្លូវភេទ អំពើហិង្សា​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ការរង​របួស​។​ប៉ូលិស​ត្រូវ ធ្វើការ​ផ្អែកលើ​ក្រមព្រហ្មទណ្ឌ បន្ថែម​ពីលើ​ច្បាប់​អំពើហិង្សា​ក្នុង​គ្រួសារ ដើម្បី​រកឲ្យឃើញ​នូវ​គ្រប់​ទម្រង់​នៃ​បទឧក្រិដ្ឋ​ក្នុងករណី​អំពើហិង្សា​ក្នុង​គ្រួសារ​៕

អត្ថ​បទ​បទ​យក​ការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម