មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ឈី​ក ខណៈ​ជំងឺ​នេះ​កំពុង​ផ្ទុះ​នៅក្នុង​ខេត្តសៀមរាប​

មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០​នេះ លោក​វេជ្ជបណ្ឌិត ប៊ូ សារិន ប្រធាន​កម្មវិធី​គ្រុនឈាម​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា រហូតមកដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ខេត្តសៀមរាប បាន​ករណី​ផ្ទុះ​ជំងឺ​ឈី​ក ចំនួន​ជាង​១​ពាន់​ករណី ក្នុងនោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ចំនួន​២១៥​កណី , មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន​១២១​ករណី និង មន្ទីរពេទ្យបង្អែក​ខេត្ត និង​នៅតាម​មណ្ឌល​សុខភាព​របស់​រដ្ឋ​ទាំងអស់​ក្នុង​ខេត្ត ចំនួន​៦៨៧​ករណី ហើយ​ជំងឺ​ឈី​ក​នេះ បាន​ឆ្លង​មក​មនុស្ស​តាមរយៈ​ការចម្លង​ពី​មូល​ខ្លា ដែល​មិន​ខុសប្លែក​ពី​ជំងឺគ្រុនឈាម​នោះទេ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​ឡើយ ។

​លោក​វេជ្ជបណ្ឌិត ប៊ូ សារិន មានប្រសាសន៍​ទៀតថា ក្នុង​ឆ្នាំ​២០២០​នេះ ក្នុង​ខេត្តសៀមរាប បាន​រង​ការគំរាមកំហែង​ពី​ជំងឺ​ឈី​ក​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា ដែល​ខណៈ​ពេលនេះ ទាំង​អាជ្ញាធរខេត្ត និង មន្ត្រី​ជំនាញ​សុទ្ធតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ករណី​ជំងឺ​នេះ ដោយសារតែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ។

​ក្នុងឱកាស​នោះដែរ​លោក​វេជ្ជបណ្ឌិត ប៊ូ សារិន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​ជំងឺ​ឈី​ក ពិសេស​ក្នុងករណី​ដែលមាន​រោគសញ្ញា​ដូចជា ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ​លើសពី​២៤​ម៉ោង , មាន​កន្ទួល​ក្រហម​លើ​ស្បែក ឬ ឈឺក្បាល និង ឈឺខ្លួន​ប្រាណ សូម​ប្រញាប់ប្រញាល់​ទៅរក​សេវា​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​ជិត​បំផុត ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ពិនិត្យ និង ព្យាបាល​ទាន់ពេលវេលា ។

​គួររំលឹកថា រយៈកាល​កន្លងមក ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​អនុវត្តន៍​វិធានការ​ការពារ​ជំងឺ​គ្រុន​ឈី​ក​ដូចជា​៖ បំបាត់​ប្រភព​ដង្កូវទឹក​មូល​ខ្លា , ប្រមូល​រាល់​វ​ត្តុ​ដក់​ទឹកបាន ដើម្បី​កម្ទេច ឬ​កប់​ចោល , បំបាត់​គុម្ពោត​ស្មៅ​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ , កុំ​គេង​នៅ​ទី​ងងឹត​នៅពេល​ថ្ងៃ ហើយ​ត្រូវ​គេង​ក្នុង​មុង​ជានិច្ច , ទាំង​កុមារ និង​មនុស្ស​ចាស់ ត្រូវ​ស្លៀក​សម្លៀកបំពាក់​វែងៗ​ការពារ​មូល​ខាំ , បើកទ្វារ បង្អួច​ផ្ទះ​ឱ្យមាន​ពន្លឺ​ថ្ងៃ​ចេញចូល​គ្រប់គ្រាន់ ដើម្បី​ដេញ​មូស​ខ្លា ៕​