គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារ នៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១៤​គ្រួសារ មកពី​ឃុំ​ចំនួន​ពីរ ក្នុងស្រុក​វ៉ារិន ក្នុងនោះ​នៅ​ឃុំ​វ៉ារិន ចំនួន​១​គ្រួសារ និង នៅ​ឃុំ​ស្រែ​ណូយ ចំនួន​១៣​គ្រួសារ ។

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាឱកាស​នោះ ចំពោះ​គ្រួសារ​រលំ​ផ្ទះ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១៦​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម និង​ថវិកា​១​សែន​៥​ម៉ឺន​រៀល ហើយ​ចំពោះ​គ្រួសារ​ប៉ះពាល់​ធ្ងន់ ក្នុង​មួយ​គ្រួសារ​ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១, ស័ង្កសី ១០​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម និង​ថវិកា​១០​ម៉ឺន​រៀល ហើយ​ក្នុងឱកាស​នោះដែរ ក្រុម​ប្រតិភូ បាន​បន្ថែម​នូវ​ថវិកា​មួយចំនួន ដល់​គ្រួសារ​រលំ​ផ្ទះ និង ចាស់ជរា​ផងដែរ ។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នេះ លោកជំទាវ ទាង អេង ទៀ​សីហា សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ ដោយ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ និង របើក​ដំបូល​ធ្ងន់ធ្ងរ ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ក្នុងនាម​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​មិនបាន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការលំបាក​ក្នុង​គ្រោះមហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​កណ្ដោចកណ្ដែង និង​ស្លាប់​ដោយ​អត់​អាហារ​ឡើយ​។

​លោកជំទាវ ទាង អេង ទៀ​សីហា មានប្រសាសន៍​ទៀតថា ជា​សក្ខីភាព​នៅថ្ងៃនេះ ដោយ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាជន​រងគ្រោះ​ធម្មជាតិ​នៅ​ស្រុក​វ៉ារិន ដែល​ប៉ះពាល់​ពីរ​ឃុំ យើង​បាន​បញ្ចុះ​ក្រុម​អ្នក​ស្ម័​ត្រ​ចិត្ត​កាកបាទក្រហម​ប្រចាំ​ស្រុក ចុះ​ស្រង់​នូវ​ផលប៉ះពាល់​ភ្លាមៗ ហើយ​នៅថ្ងៃនេះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ដើម្បី​យកមក​ចែកជូន​បងប្អូន​ផងដែរ ហើយ​ទោះបីជា​អំណោយ​ទាំងនេះ វា​មាន​លក្ខណៈ​តិចតួច​ក្ដី វា​មិន​ស្មើ​ទៅនឹង​ការខូចខាត ការខ្វះខាត របស់​បងប្អូន​ដែល​រងគ្រោះ​ក៏ពិតមែន តែ​ជា​ស្មារតី​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយ​សម្រួល និង សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់ ធ្វើយ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន នៅពេល​ដែលមាន​ប្រធាន​ស័​ក្ត​ណា​កើតឡើង សូម​ឲ្យ​បងប្អូនរ​ត់រក​ទីកន្លែង​មាន​សុវត្ថិភាព និង មាន​ភ្លៀង ផ្គរ​រន្ទះ សូមកុំ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ងាយ​បង្ក​ភាពគ្រោះថ្នាក់​ដល់​ខ្លួន ៕​