អត្រា​សិស្សស្រី​បោះបង់​ការសិក្សា​នៅ​បឋម​និង​មធ្យមសិក្សា​នៅតែ​មាន​កម្រិត​ខ្ពស់​

យោងតាម​របាយការណ៍​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ក្នុង​ឆ្នាំ​សិក្សា​២០១៧ -២០១៨​នេះ អត្រា​នៃ​ការ​បោះបង់​ការសិក្សា​របស់​សិស្ស​ស្រី នៅ​កម្រិត​បឋមសិក្សា​មាន​រហូត​ដល់ ២,៨៩​ភាគរយ , អនុវិទ្យាល័យ ៧,៨៣​ភាគរយ និង​វិទ្យាល័យ ៣,៤១​ភាគរយ ដែល​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់ថា សិស្ស​ស្រី​នៅ​តែ​ប្រឈម​នឹង​ការ​បោះបង់​ការសិក្សា​ខ្ពស់​នៅឡើយ​។

​យុវតី ជប់ ផាត់ រស់នៅក្នុង ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឱ្យដឹងថា ដោយសា​តែ​ជីវភាព​ក្រីក្រ និង​នៅ​ក្នុង​បន្ទុកគ្រួសារ​ឱ​ពុក​មាន​ជំងឺ ខ្លួន​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦ ដើម្បី​រក​ការងារ​ធ្វើ​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ខ្លះ ។ កញ្ញា​បន្តថា “​ខ្ញុំ​ឈប់​រៀន​៤​ឆ្នាំ​ហើយ ក្រោយ​ពេល​ឈប់​រៀន​ខ្ញុំ​បាន​ធ្វើ​ជា​កម្មករសំណង់ ព្រោះ​ចំណេះដឹង​យើង​តិច បាន​ចំណូល​មួយចំនួន​ទុក​ព្យាបាល​ឱ​ពុក និង​មួយចំនួនទៀត​ទុក​ឱ្យ​ប្អូន​(​ប្រុស​)​ទៅ​រៀន​”​។

​ចំណែក​កញ្ញា វូ​ន ចំ​បក់ បាន​សម្រេចចិត្ត​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​០៨ បានឱ្យដឹងថា ដោយ​តែ​សាលារៀន​នៅ​ឆ្ងាយ​ខ្វះ​មធ្យម​បាយ​ធ្វើដំណើរ ហើយ​មួយវិញទៀត​បញ្ហា​បន្ទប់ទឹក​ក្នុង​សាលា​នៅមាន​ចំនួន​តិច និង​មិនសូវមាន​អនាម័យ​ទៀតផង ពិបាក​ដល់​ប្អូនៗ​ជា​ស្រី​។​

​អ្នកស្រី ឆន ហ៊​ន់ ដែល​មាន​កូន​ដល់​ទៅ​៧​នាក់ បាន​រៀបរាប់​ថា ទោះ​បី​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​ក្រីក្រ​យ៉ាងណាក៏ដោយ អ្នកស្រី​មិន​ឱ្យ​កូន​ឈប់រៀន​នោះទេ និង​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​រៀន​ដូចៗ​គ្នា​។ អ្នកស្រី​បន្ត​ថា ”​ខ្ញុំ​មាន​កូន​៧​នាក់ មិន​ថា​កូនប្រុស ឬ​ស្រី​ឱ្យ​រៀន​ដូចៗ​គ្នា ព្រោះ​កន្លងមក​ខ្ញុំ​ឃើញ​កូន​គេ​ស្រីៗ​ឱ្យ​ឈប់​រៀន ក្មេងៗ​ទាំងនោះ​ពិបាក​ណាស់ ។ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​រក​ចំណូល​បាន​ត្រឹមតែ​១៥០០០​រៀល​ទេ តែ​ត្បិតត្បៀត​ទុក​លុយ​ឱ្យ​កូន​រៀន​”​។

​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ មាន​សាលារៀន​ចំនួន ៦១៨​កន្លែង រួមមាន សាលាបឋមសិក្សា ៤៩៩ កន្លែង , អនុវិទ្យាល័យ ៨៨ កន្លែង និង​វិទ្យាល័យ ៣១​កន្លែង ។ ទន្ទឹម​គ្នា​នោះ អត្រា​នៃ​សិស្ស​ស្រី​ដែល​ចាប់ផ្ដើម​ពី​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ប្រឈមមុខ នឹង​ការ​បោះបង់​ការសិក្សា​ច្រើន ដោយសារតែ​ជីវភាព និង​កត្តា​មួយចំនួន​ទៀត ។

លោក សយ ទិ​ត្យាវ​ង្ស ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុង​មួយ​ឆ្នាំៗ អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស​ស្រី​មាន​ការកាត់បន្ថយ​ច្រើន ដោយសារ​ការយល់ដឹង​របស់​ឪពុក​ម្តាយ​ពី​គុណសម្បត្តិ​នៃ​ការសិក្សា និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដោយ​បង្កើត​ចំនួន​សាលា​កាន់តែ​ច្រើន​និង​នៅ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​។
​លោក​បាន​បន្ថែមថា “​ឆ្នាំ​សិក្សា​កន្លងមក មន្ទីរ​អប់រំ​បាន​សហ​ការ​ជាមួយ​ដៃគូរ​ផ្សេងៗ ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​គ្រប់​កម្រិត​នៅ​តាម​សាលារៀន ដើម្បី​កាត់បន្ថយ​ការ​បោះបង់​ការសិក្សា​របស់​សិស្ស​”​។​
​ចូល​ទស្សនា​វី​ឌី​អូ ខាងក្រោម

​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ការព្រួយបារម្ភ​ចំពោះ​សិស្សស្រី បោះបង់​ការសិក្សា​ដើម្បី​ទៅ​រក​ការងារ​ធ្វើ ដោយ​ខ្វះ​ចំណេះដឹង​ទូទៅ ដែល​ងាយ​ឈានទៅរក​ការប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​ខ្លួនឯង​។​


​លោក ហង្ស បូ​ណា នាយក​ប្រតិបត្តិ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប បានឱ្យដឹងថា ដើម្បី​លុបបំបាត់​ការ​បោះបង់​ការសិក្សា​របស់​សិស្ស​ស្រី ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​ចុះ​លើកទឹកចិត្ត​ដល់​កុមារី និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ដល់​ផ្ទះ ជា​ពិសេស​កុមារី​ដែល​ងាយ​រងគ្រោះ ពី​ការ​បោះបង់​ការសិក្សា​។ លោក​បន្តថា ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការយកចិត្ត​ទុកដាក់​និង​បន្ថែម​ភាគរយ​ឲ្យ​កាន់តែ​ច្រើន​លើ​ការជ្រើសរើស​សិស្ស​អាហារូបករណ៍​, ពិនិត្យ​លើ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​សាលារៀន​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​កុមារី និង​លោកគ្រូ​អ្នកគ្រូ គួរ​យល់​ដឹង​ស៊ីជម្រៅ​ជំវិញ​ការងារ​យេនឌ័រ និង​លុបបំបាត់​ផ្នត់គំនិត​យេនឌ័រ​ជាដើម​។​

​កន្លងមក ការ​បោះបង់​ការសិក្សា​ត្រូវបាន​ក្រសួង​អប់រំ និង​ដៃគូ​នានា​មើលឃើញថា មក​ពី​កត្តា​ជាច្រើន​ដូចជា បញ្ហា​ថវិកា បញ្ហា​នៃ​ការធ្វើដំណើរ និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​។ នៅពេល​ដែល​សិស្ស​បាន​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ វ័យ​របស់​ពួកគេ​គឺជា​វ័យ​ដែល​ត្រូវ​បម្រើ​ការងារ​នានា​ដើម្បី​ស្វែងរក​ចំណូល​ជួយ​ដល់​គ្រួសារ ហេតុនេះ​ការបោះបង់​ចោល​ការសិក្សា​សម្រាប់​សិស្ស​ស្រី​នៅ​ជនបទ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ​៕

 

អត្ថ​បទ​ព័ត៌មាន​៖ លោក​ បុង​ ឆវ័ន