សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាសថា អ្នកចូលរួម​យុទ្ធនាការ «​ម្រាមដៃ​៩» ជាការ​ចូលរួម​ទង្វើ​ក្បត់ជាតិ ត្រូវតែ​មានទោស​តាមច្បាប់​

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​១​ពាន់​នាក់ របស់​សាកលវិទ្យាល័យ ប៊ែ​ល​ធី​អន្ដរជាតិ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា « ខ្ញុំ​សូម​ផ្ដែផ្ដាំ​អ្នកណា​ក៏ដោយ ដែល​ធ្វើ​យុទ្ធនាការ (​ម្រាម​៩) នឹងត្រូវ​ជាប់​បទ​ចោទ​តាម​ក្រមព្រហ្មទណ្ឌ (​ឧបឃាត​) ចឹ​ង​កុំ​ឲ្យ​សោះ​អា​យុទ្ធនាការ​ម្រាម​៩ បើ​ចង់​ធ្វើ​យុទ្ធនាការ​ម្រាម​៩ កាត់​ម្រាមដៃ​មួយ​ក្រវាត់ចោល​ទៅ អាហ្នឹង​បាន​វា​ក្លាហាន​។ មនុស្ស​កើតឡើង​ម្រាម​៩ ឯង​ធ្វើ​យុទ្ធនាការ​ម្រាម​៩​។ អ្នកណា​ចូលរួម​ក្នុង​យុទ្ធនា​ការបំផ្លាញ​ប្រទេស បំផ្លាញ​សន្ដិភាព នៅ​ថ្ងៃទី​០៩ វិច្ឆិកា អ្នក​ណុង​នឹងត្រូវ​មានទោស ហើយ​រឿងនេះ ក្រសួងយុត្តិធម៌​បានប្រកាស​រួចហើយ ស្ថាប័ន​នានា​បាន​ត្រៀម​បម្រុង​ហើយ​» ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្ថែមថា សកម្មភាព​របស់​ទណ្ឌិត​ក្បត់ជាតិ សម រ​ង្ស៉ី ឈានចូល​ដល់​ការធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋ និង​ប្ដូរ​របប ដូច្នេះហើយ​អ្នក​ក្នុងស្រុក​ទាំងអស់ កុំ​ព្រហើន​ឲ្យ​សោះ បើសិនជា​ហ៊ាន​មែន ក៏ត្រូវ​តែ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដូចគ្នា​ផងដែរ ខណៈ​អ្នកចូលរួម​កន្លងមក ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ផងដែរ ៕​