​រកឃើញ​ទំនិញ​មួយ​ចំនួន​តូច​​ហួស​កាលបរិច្ឆេទ​ នៅក្នុង​ផ្សារ​រលួស

លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ​នៅក្នុង​ផ្សារ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ បាន​រកឃើញ​ទំនិញ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​ហួស​កាលបរិច្ឆេទ ហើយ​បាន​ប្រមូល​យក​មក​រក្សាទុក ដើម្បី​ធ្វើការ​បំផ្លាញចោល ។

​លោក ព្រៅ ខេមរិន្ទ មានប្រសាសន៍​ទៀត​ថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​នៃ​ការថែរក្សា​សុខុ​ភាព​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏​ដូច​ក្រសួង​ពាណិជ្ជកម្ម​នោះ កន្លងមក យើង​តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ម្ហូបចំណី​អាហារ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទិញ​យក​ទៅ​ប្រើប្រាស់ និង​លក់ដូរ​មួយចំនួន​ធំ​នៅ​តាម​ផ្សារ​ឬ​តាម​តូប​ខ្លះៗ ហើយ​យើង​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់​ចាប់ហួយ​នៅ​ក្នុង​ផ្សារ​ឬ​តាម​តូប ជា​ពិសេស​បាន​ណែនាំ​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ទុកដាក់​អោយបាន​ត្រឹមត្រូវ និង​របៀប​មើល​ទំនិញ​ណា​ដែល​គ្មាន​គុណភាព និង​ហួស​សុពលភាព គ្មាន​ផ្លាក​សញ្ញា​ត្រឹមត្រូវ ដែល​វា​អាច​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជាដើម ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​