សាលារៀន​ចំនួន​០៤ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ឯកភាពគ្នា​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​

សាលារៀន​ចំនួន​០៤ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប រួមមាន​សាលារៀន​ស្ពី​ធ្លើ​រ​អ​ញ្ញា​ញ​អង្គរ , សាលារៀន​សាមគ្គី​សហគមន៍ , សាលា​អនុវិទ្យាល័យ​ហ៊ុន សែន ស្រះស្រង់ និង វិទ្យាល័យ​នគរធំ ដែលមាន​សិស្ស​សរុប​ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ឯកភាពគ្នា​សម្រេច​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ហូប​យកទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា និង សុខភាព​សិស្ស ។

​លោក ជា សារិន នាយក​ប្រតិ​ប​ត្ដិ​មូ​និ​ធិ​សាលាបឋមសិក្សា​ស្ពី​ធ្លើ​រ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការឧបត្ថម្ភ​ដប​សម្រាប់​ដាក់​ទឹក​បរិភោគ​ជា​ប្រភេទ​កែវ ពី​ក្រុមហ៊ុន​លក់​សម្ភារ​ការិយាល័យ ហ្វិ​ក​អ​ហ្វី​ស Flex office សាលារៀន​ទាំង​០៤​នេះ បាន​ឯកភាពគ្នា​បញ្ឈប់​ការប្រើប្រាស់​ដប​ដាក់​ទឹក​ប្រើប្រាស់​ជា​ប្រភេទ​ប្លា​ស្ទីក ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន​នៅក្នុង​សាលា​ផង , កាត់បន្ថយ​នូវ​ការនាំ​ចូល និង​ប្រើប្រាស់​ដប​ប្លា​ស់​ស្ទិ​ក​នៅក្នុង​សាលារៀន​ផង ខណៈដែល​សាលារៀន​នេះ មាន​ធុង​ទឹក​ចម្រោះ ដើម្បី​ផ្ដល់​ទឹក​ជូន​សិស្សានុសិស្ស​ជាស្រេច ហើយ​ដប​ទឹក​ថ្មី​នេះ មានគុណ​ភាពល្អ​អាច​ឲ្យ​សិស្ស​ប្រើប្រាស់​បានយូរ ដែល​អាចជួយ​ឲ្យ​អាណាព្យាបាល​សិស្ស កាត់បន្ថយ​ការចំណាយ​ការមើល​ថែទាំ​សុខភាព និង​ថវិកា​ផងដែរ ហើយ​ក្រៅពីនេះ ក្រុមហ៊ុន​នេះ​ក៏បានផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាច្រើន​ទៀត រួមទាំង​បង់​អង្គុយ​ដាក់​ក្នុង​សាលារៀន​ទៀតផង ។

​កញ្ញា ចាន់ សុជាតា តំណាង​ក្រុមហ៊ុន​ធាន​ឡុង​អ​ហ្វី​ស បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​ជួយ​សម្ភារ​សិក្សា​ដល់​សាលា​ទាំង​បួន​នេះ​ជា​លើក​ទី​២​ហើយ ដើម្បី​លើកទឹកចិត្ដដ​ល់​កុមារ​ឲ្យ​ចង់​បន្ដ​ការសិក្សា​បានយូរ​អង្វែង ព្រោះ​សិស្ស​ខ្លះ​នៅតាម​ជនបទ​តែងតែ​ជួប​ការខ្វះខាត ខណៈដែល​សាលារៀន​ស្ពី​ធ្លើ​រ​នេះ ជា​សាលារៀន​មូលនិធិ​ដែល​គ្រប់គ្រង​បានល្អ ទើប​ក្រុមហ៊ុន​ជួយផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្ស និង​គ្រូបង្រៀន ដែល​សរុប​ជា​ថវិកា​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​អាមេរិក ។

​កញ្ញា ចាន់ សុជាតា បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​ពេលវេលា​ដែល​ត្រូវ​តបស្នង​ដល់​ប្រទេស​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មកហើយ ហើយ​ក្រុមហ៊ុន​នឹងមាន​គម្រោង​បន្ត​ផ្ដល់​សម្ភារ​ការិយាល័យ និង​សម្ភារ​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​មាន​អនាគត​ភ្លឺស្វាង ៕​