កីឡា​រត់​ចម្ងាយ​ជនជាតិ​បារាំង​ទាំង​បុរស​ស្ត្រី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ លើ​ចម្ងាយ​ផ្លូវ​១២៨​គីឡូម៉ែត្រ ខណៈ​កីឡា​កម្ពុជា​ចំនួន​ពីររូប ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​នារី លើ​ចម្ងាយ​ផ្លូវ​៤២​គីឡូម៉ែត្រ និង ៣២​គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trail 2020 លើក​ទី ៥

តាម​របាយការណ៍​រប​ស់​គណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រកួត​សម្រាប់​វិញ្ញាសា​គោល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail 2020 លើក​ទី ៥ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​រួចមក គណៈកម្មការ​បាន​រក​ឃើញ​កីឡាករ កីឡាការិនី​ជើង​សម្រាប់​ឯក​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នេះ ក្នុងនោះ ចម្ងាយ​១២៨​គីឡូម៉ែត្រ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​បារាំង​ឈ្មោះ Guillon Antoine ដោយ​ប្រើ​ថេរវេលា ១២​ម៉ោង ១២​នាទី និង ៥៧​វិនាទី និង ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ​បារាំង​ឈ្មោះ Le Saux Christophe ប្រើ​ថេរវេលា ១៣​ម៉ោង ៤២​នាទី និង ៣២​នាទី , រីឯ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី​បារាំង​ឈ្មោះ Messina Veronipue ដោយ​ប្រើ​ថេរវេលា ១៧​ម៉ោង ៣០​នាទី និង ២៦​វិនាទី និង ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាការិនី​មកពី​ក្រុង​ហុងកុង​ឈ្មោះ Cheng Yin Kwan ដោយ​ប្រើ​ថេរវេលា ២០​ម៉ោង ៤៤​នាទី និង ៧​វិនាទី ។

​ដោយឡែក​វិញ្ញាសារ​រត់​ចម្ងាយ ៦៤​គីឡូម៉ែត្រ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​បារាំង​ឈ្មោះ Dercourt Yohan ដោយ​ប្រើ​ថេរវេលា ៥​ម៉ោង ១៨​នាទី និង ៤៩​វិនាទី និង ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ​ចក្រភព​អង់គ្លេស​ឈ្មោះ King Ali ដោយ​ប្រើ​ថេរវេលា ៥​ម៉ោង ៤៥​នាទី និង ៤០​វិនាទី , រីឯ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី​បារាំង​ឈ្មោះ Corne Katell ដោយ​ប្រើ​ថេរវេលា ៦​ម៉ោង ៥៥​នាទី និង ៣៨​វិនាទី និង​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាការិនី​ចក្រភព​អង់គ្លេស​ឈ្មោះ Washington Harri ដោយ​ប្រើ​ថេរវេលា ៧​ម៉ោង ២២​នាទី និង ០៥​វិនាទី ។

​ចំពោះ​កីឡាការិនី​កម្ពុជា ២​រូប ដែល​ដណ្ដើមបាន​ជ័យលាភី​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ រួមមាន​កីឡាការិនី​ឈ្មោះ លី ណា​រី ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ លើ​វិញ្ញាសារ​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ ដោយ​ប្រើ​ថេរវេលា ៤​ម៉ោង ៥​នាទី និង ១៥​វិនាទី និង កីឡាការិនី​កូនកាត់​ខ្មែរ​-​បារាំង​ឈ្មោះ ឡូរី ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ លើ​វិញ្ញាសារ​រត់​ចម្ងាយ ៣២​គីឡូម៉ែត្រ ដោយ​ប្រើ​ថេរវេលា ២​ម៉ោង និង ៤២​នាទី ។

​គួររំលឹកថា ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail 2020 លើក​ទី​៥ នៅ​ខេត្តសៀមរាប បាន​ទាក់ទាញ​អ្នកចូលរួម​រត់​មកពី​ជុំវិញ​ពិភពលោក ចំនួន ១.២៥៥​នាក់ ដែលមាន​ចម្ងាយ ១២៨ គីឡូម៉ែត្រ , ចម្ងាយ ៦៤​គីឡូម៉ែត្រ , ចម្ងាយ ៤២​គីឡូម៉ែត្រ , ចម្ងាយ ៣២​គីឡូម៉ែត្រ និង ចម្ងាយ ១៦​គីឡូម៉ែត្រ ។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ត្រូវបាន​បង្កើត និង​រៀបចំ​ឡើងជា​លើកដំបូង នៅលើ​ទឹកដី​ខេត្តសៀមរាប​នា​ឆ្នាំ​២០១៦ ហើយ​ដូចគ្នា​ទៅនឹង​ឆ្នាំមុនៗ​ដែរ ដែល​ការរត់​ចាប់ផ្ដើម​ពី​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៨ ខែមករា និង​បញ្ចប់​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៩ ខែមករា ដែល​ការរត់​នេះ​មាន​រយៈពេល​២៨​ម៉ោង គឺ​រត់​ពេញ​មួយថ្ងៃ មួយ​យប់ ដូចនេះ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ គឺ​ផ្ដោតលើ​គោលដៅ​សំខាន់ៗ ចំនួន​០៣ គឺ ៖ ទី​១. ផ្សព្វផ្សាយ​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក ពិសេស​ភ្ញៀវទេសចរ​ចូលរួម បានដឹង​ពី​ស្ថេរភាព សន្ដិភាព និង ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ផ្សព្វផ្សាយ និង ចូលរួម​ថែរក្សា​គោលដៅ ទេសចរណ៍ ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា គឺ​តំបន់​អង្គរ​ខេត្តសៀមរាប , ទី​២. ការរួមចំណែក​ស្វែងរក​មូលនិធិ​សម្រាប់​ជួយ ដល់​ការងារ​មនុស្សធម៌ តាម​អង្គការ និង មន្ទីរពេទ្យ​មួយចំនួន និង ទី​៣. ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន​ផងដែរ ៕​ា