ក្រុម​អ្នកបច្ចេកទេស​បារាំង មាន​គម្រោង​កែ​ច្នៃ​ភក់​ពី​បាត​លូ​មក​ធ្វើជា​ជី​ធម្មជាតិ និង​ជីសរីរាង្គ​

ក្រុមបច្ចេកទេស​ប្រតិភូ សមាគម​អន្តរជាតិ​នៃ​មន្ត្រី​បារាំង (AIMF) នៃ​សាធារណរដ្ឋ​បារាំង បាន​ធ្វើ​ការស្រាវជ្រាវ និង​រកឃើញ​ថា នៅក្នុង​ខេត្ត​សៀមរាប បាន​បូម​ភក់​ពី​លូ​មកចាក់​ក្នុង​អាង​បន្សុទ្ធ​ទឹក ដែល​ការធ្វើ​បែប​នេះ​វា​ខុស​បច្ចេកទេស​ទាំងស្រុង និង​អាច​ធ្វើឲ្យ​អាង​ពិពិ​ធ​កម្ម​បន្សុទ្ធ​ទឹក​ងាយ​នឹង​ខូច​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះហើយ ទើប​លោកស្រី Mme. Ariana Ardesi ទីប្រឹក្សាបច្ចេកទេស AIMF និង​ក្រុមបច្ចេកទេស​បារាំង បាន​លើក​ជា​គម្រោង​ក្នុង​ការកែច្នៃ​ភក់​ពី​បាត​លូ​មក​ធ្វើ​ជា​ជី​វិញ​។

 

​ការលើកឡើង​បែប​នេះ នៅក្នុង​ពិធី​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ រវាង​រដ្ឋបាល​ខេត្ត​សៀមរាប និង​ប្រតិភូ សមាគម​អន្តរជាតិ​នៃ​មន្ត្រី​បារាំង (AIMF) នៃ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​សៀមរាប​។

​លោកស្រី Mme. Ariana Ardesi ទីប្រឹក្សាបច្ចេកទេស AIMF បាន​មានប្រសាសន៍ថា ការកែច្នៃ​ភក់​ពី​បាត​លូ​មក​ធ្វើ​ជា​ជីធម្មជាតិ និង​ជីសរីរាង្គ​នេះ បាន​អនុវត្ត​នៅ​ប្រទេស​ជាង​៤០​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏​មាន​កម្ពុជា​ផងដែរ​។ លោកស្រី​បន្ថែមថា ការកែច្នៃ​នេះ​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​នៅក្នុង​សហគមន៍​អឺរ៉ុប​រួចមកហើយ ម្យ៉ាងទៀត​ការកែច្នៃ​បែប​នេះ​បាន​ធ្វើឲ្យ​មាន​ការកាត់បន្ថ​យ​ការប្រើប្រាស់​ជី​កសិកម្ម​គីមី​យ៉ាងច្រើន​ទៀតផង​។

​ក្នុងឱកាស​នោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បង្ហាញ​ការគាំទ្រ និង​ចាប់អារម្មណ៍​ចំពោះ​គម្រោង​នេះ​យ៉ាងខ្លាំង ព្រោះ​គម្រោង​នេះ​បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​ដែលមាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាកសិករ​។ តែ​ទោះជា​យ៉ាងណា​ឯកឧត្ដម ក៏​នៅតែ​មាន​ការបារម្ភ​ចំពោះ​ការកែច្នៃ​នេះ​ថា យកចេញ​ពី​ភក់​ដែល​អាច​នឹង​មាន​មេរោគ ឬ​ភាពកខ្វក់​ណាមួយ ដូចនេះ​លោក​បារម្ភ​ពី​បញ្ហា​សុខភាព​កសិករ​ដែល​បាន​ប្រើប្រាស់​ជី​នេះ​។

​ជា​ការឆ្លើយតប និង​បញ្ជាក់បន្ថែម​ពី​ក្រុម​ការងារ​បច្ចេកទេស​បារាំង ថា ការកែច្នៃ​ភក់​ពី​បាត​លូ​នេះ មិន​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ឡើយ មិនតែប៉ុណ្ណោះ​ក្រោយ​ការកែច្នៃ​រួច​ជី​ទាំងនោះ​ថែមទាំង​មិន​មាន​ក្លិន​ទៀតផង ដោយ​មាន​ស្តង់ដា​ពី​ប្រទេស​បារាំង ដែល​អាច​ធានាបាន​ថា​មាន​ភាពល្អប្រសើរ​ជាង​ជីគីមី​បច្ចុប្បន្ន ទាំង​តម្លៃ និង​គុណភាព​។

 

​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​នេះ​បានឲ្យដឹងថា នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៧ ការទិញ​ជីធម្មជាតិ និង​សរីរាង្គ​ប្រមាណ​ជា​៦​ពាន់​តោន ពី​ប្រទេស​ជិតខាង តែ​ប្រជា​ពល​កសិករ​ប្រមាណ​៩១​ភាគរយ ចង់បាន​ជីធម្មជាតិ ដែល​ផលិត​នៅក្នុង​ប្រទេស​ជា​ជាង​ការទិញ​ពី​ប្រទេសជិតខាង​៕

 

អត្ថ​បទ​៖​ លោក​ ហេង​ វន្នី