ក្រសួង​ធនធានទឹក បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៩ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​

​តាម​សេចក្តីជូនដំណឹង​មួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដោយសារ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងលើ បាន​ធ្លាក់ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល​ចុះមក​ក្រោម​អូសបន្លាយ​លើ​ភាគខាងត្បូង​នៃ​កម្ពុជា​យើង​សារជាថ្មី ដែល​ធ្វើ​ឲ្យ​នៅ​បណ្តា​រាជធានី​-​ខេត្ត​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង​នៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដែល​ដោយឡែក​នៅ​ថ្ងៃទី​២៤-២៥ ភ្លៀង​មាន​ភាពរអាក់រអួល​ប​ន្តិ​ច ៕​