ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​បំពេញការងារ​តាម​បណ្តា​អង្គភាព​កងទ័ព​មួយចំនួន ក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ចា​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ចុះ​បំពេញការងារ និង​សួរសុខទុក្ខ​កងទ័ព នៅតាម​បណ្តា​អង្គភាព​មួយចំនួន ក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​ការពារ​បូរណភាព​ដែនដី​នៃ​មាតុភូមិ ក្នុង​បុព្វហេតុ​ដើម្បី​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

​ក្នុង​ដំណើរ​បំពេញការងារ​នេះ ក្នុង​គោលបំណង​ដ៏​សំខាន់ គឺ​ដើម្បី​ទទួលយក​សំណូមពរ ដែល​អង្គភាព​ជួរមុខ​មាន​តម្រូវ​ការចាំបាច់​ចំពោះមុខ និង​ជា​យុទ្ធសាស្ត្រ​យូរអង្វែង ក្នុង​គោលដៅ​ពង្រឹង​មូលដ្ឋាន​កងទ័ព ជាពិសេស​គឺ​ពង្រឹង​ប្រៀប​ការពារជាតិ ជា​ភារកិច្ច​មូលដ្ឋានគ្រឹះ របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ទាំងនោះ គឺ​បញ្ជា​បេសកកម្ម​ដ៏​មានតម្លៃ​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តេ​ជោ តែងតែបាន​គិតគូរ​ចំពោះ​សុខទុក្ខ​របស់​កងទ័ព ។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​របស់​កងទ័ព​ដោយ​ការលះបង់​ខ្ពស់ លើ​គ្រប់ផ្នែក គ្រប់​ជំនាញ ហើយ​អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​ការងារ​កសាង​ពង្រឹង​អង្គភាព ការហាត់​ហ្វឹកហ្វឺន ការប្រើប្រាស់​គោលការណ៍​ច្នៃប្រឌិត​បន្ថែម​លើ​គោល​របប​ដោះស្រាយ​ជីវភាព​កងទ័ព និង​ការអភិវឌ្ឍ​តំបន់​គ្រួសារ​កងទ័ព​បា​ន​ល្អប្រសើរ ៕​