ស្ថានភាព​ទូទៅ​ចំពោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ខេត្តសៀមរាប សម្រាប់​ថ្ងៃ​១៩ ខែសីហា

ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ថានភាព​ទូទៅ​ចំពោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ខេត្តសៀមរាប សម្រាប់​ថ្ងៃទី​១៩ ខែសីហា​នេះ បាន​ដំណើរការ​ទៅ​ប្រកបដោយ​លក្ខណៈ​ល្អប្រសើរ កម្លាំង​សមត្ថកិច្ច និង មន្ត្រី​ពាក់ព័ន្ធ មាន​ស្មារតី​ខ្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ នៅតាម​មណ្ឌល​និ​មួយៗ ប្រកបដោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។​
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ខេត្តសៀមរាប មាន​បេក្ខជន​សរុប​ចំនួន ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤​បន្ទប់ ហើយ​សម្រាប់​ថ្ងៃទី​០១​នៃ​ការប្រឡង​នេះ បាន​បដិសេធ​បេ​ក្ខ​នារី​ម្នាក់​មិន​ឲ្យ​ប្រឡង ដោយសារ​មក​យឺត​ពេល ៤០​នាទី ។​

​បេក្ខជន​ប្រឡង​ចំនួន​០៤​នាក់ បាន​ព្យួរសេរ៉ូម​ក្នុង​បន្ទប់​ប្រឡង ដោយសារ​ជំងឺគ្រុនឈាម នៅ​មណ្ឌល​ចំនួន​០៤ គឺ មណ្ឌល​សាលាបឋមសិក្សា​មុខ​នាគ , អនុវិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រួស , វិទ្យាល័យ​សម្ដេចឪ ផ្នែក​ខាងលិច និង មណ្ឌល​វិទ្យាល័យ​អង្គរ ផ្នែក​ខាងកើត ព្រមទាំង​ជួយ​សម្រួល​តុ​ដល់​បេក្ខជន​ដែលមាន​បញ្ហា​ភ្នែក ឲ្យ​មក​អង្គុយ​ជិត​ក្ដារខៀន ។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងកំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ថ្ងៃ​១៩ ខែសីហា​នេះ បាន​ពិនិត្យ និង ព្យាបាល​ជំងឺ​ជូន​បេក្ខជន និង បេ​ក្ខ​នារី បាន​ចំនួន​៨៤​នាក់ ក្នុងនោះ ជំងឺ​ផ្ដាសាយ ហៀរ​សំបោរ ចំនួន​១១​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៥​នាក់ , គ្រុនក្ដៅ​ចំនួន​០៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៤​នាក់ , ឈឺក្បាល​ចំនួន​១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៥ នាក់ , ចុកពោះ​រាគ​ចំនួន​១៦​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៧​នាក់ , អស់កម្លាំង​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៤​នាក់ , ខ្យល់ចាប់​ចំនួន​០៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៤​នាក់ , សង្គ្រោះ​បឋម ដោយ​ដាក់​សេរ៉ូម​និង​អុកស៊ីសែន ចំនួន​១០​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៥​នាក់ , គ្រុនឈាម​ចំនួន​០៣​នាក់ ស្រី​ទាំងអស់ , ការបញ្ជូន​ជំងឺ​ចំនួន​០១​នាក់ ភេទ​ប្រុស និង ជំងឺ​ផ្សេងៗ​ចំនួន​០៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៤​នាក់ ។​

​ក្នុង​រយៈពេល​ពីថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​យកចិត្តទុកដាក់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង ទុកដាក់​កង់ ម៉ូតូ​ដល់​បេក្ខជន​ដែល​បាន​ចូល​ប្រឡង​ដោយ​ផ្ញើ​ម៉ូតូ កង់ ដោយ​ឥតគិតថ្លៃ ។​

​ដោយឡែក​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ ខែសីហា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ បាន​ដំណើរការ​ទៅ​ប្រកបដោយ​លក្ខណៈ​ល្អប្រសើរ​ផងដែរ ។​

​គួររំលឹកថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ជួយ សម្រួល​លើ​ការ​ស្នាក់នៅ ឬ​ជួយ​ជ្រោមជ្រែង​ជា​មធ្យោបាយ​ផ្សេងៗ ដល់​សិស្សានុសិស្ស​ដែល​ពុំមាន​ល​ទ្ឋ​ភាព ឬ​ពិបាក​ក្នុង​ការរក​កន្លែង​ស្នាក់នៅ ឬ​ធ្វើដំណើរ​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ដែលជា​លទ្ធផល​គឺ ៖ រដ្ឋបាល​ស្រុក​ពួក បាន​ជួយ​សម្រួល​ដោះស្រាយ​ថ្លៃ​កន្លែង​ស្នាក់នៅ​មួយកន្លែង សម្រាប់​បេក្ខជន​ចំនួន ០១​នាក់ ដែល​ខ្វះ​ល​ទ្ឋ​ភាព , រដ្ឋបាល​ស្រុក​វ៉ា​រិ បាន​ជួយ​សម្រួល​ដោះស្រាយ​ថ្លៃ​ស្នាក់នៅ ជូន​បេក្ខជន​និង​បេ​ក្ខ​នារី​ចំនួន ០២​នាក់ ដែល​ក្នុង​មួយ​នាក់ ទទួលបាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល , រដ្ឋបាល​ស្រុក​ស្វាយ​លើ បាន​ជួយ​សម្រួល​ដោះស្រាយ​ឧបត្ថម្ភ​ជា​ថវិកា​លើ​ថ្លៃ​ស្នាក់នៅ និង​ហូបចុក​ដល់ បេក្ខជន បេ​ក្ខ​នារី​ចំនួន​០៥​នាក់ , ស្រុក​សូទ្រនិគម និង អង្គការ​CWCC បានការ​ជួយឧបត្ថម្ភ​សិស្ស​មកពី​វិទ្យាល័យ​សំរោង​ចំនួន​២៣​នាក់ ដែល​ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា​ចំនួន​៣២​ដុល្លារ , ស្រុក​ជីក្រែង​ជួយឧបត្ថម្ភ​និង​ដោះស្រាយ​ថវិកា​ស្នាក់នៅ ដល់​បេក្ខជន​ចំនួន​១៣​នាក់ , ស្រុក​ប្រាសាទបាគង បានការ​ជួយឧបត្ថម្ភ​ដល់​បេក្ខជន​ម្នាក់ នូវ​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល និង​ការហូបចុក​សម្រាប់​បី​ថ្ងៃ , ស្រុក​អង្គរធំ ជួយឧបត្ថម្ភ​ដោះស្រាយ​ទៅលើ​ការធ្វើដំណើរ ម្ហូបអាហារ និង​កន្លែង​ស្នាក់នៅ​ចំនួន​២​កន្លែង ដល់​បេក្ខជន​ចំនួន​៨១​នាក់ និង រដ្ឋបាល​ស្រុក​ស្រីស្នំ បាន​សម្របសម្រួល និង​រៀបចំ​ឱ្យ​ស្នាក់នៅ​មជ្ឈមណ្ឌល​អប់រំ បច្ចេកទេស​មិត្តភាព​ខ្មែរ​ជប៉ុន ក្នុង​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត ដល់​បេក្ខជន​ទាំងអស់ សរុប​ចំនួន​២០៩​នាក់ ៕​