សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្ដល់ជូន​ម៉ូតូ​ម្នាក់​មួយគ្រឿង ដល់​បេក្ខជន​នៅ​ខេត្តសៀមរាប ដែល​ប្រឡង​ទទួលបាន​និទ្ទេស A

នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​នាំយក​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជូន​ដល់​បេក្ខជន បេ​ក្ខ​នារី​ទទួលបាន​និទ្ទេស A និង​និទ្ទេស B សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ រួមមាន ៖ សិស្ស​ទទួលបាន​និទ្ទេស A ចំនួន​៣៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ម៉ូតូ​ម៉ាក​ហុងដា ធុន​វ៉េវ ចំនួន​មួយគ្រឿង រួមជាមួយ​មួកសុវត្ថិភាព​១ , ប្រេងសាំង​៣០​លីត្រ , ថវិកា​ចំនួន​២០​ម៉ឺន​រៀល , លិខិត​សរសើរ​១ និង សិស្ស​ទទួលបាន​និទ្ទេស B ចំនួន ១៩០​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០៥​នាក់ ទទួលបាន​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ចំនួន​២០០​ដុល្លារ​អាមេរិក ។

​ពិធី​ប្រគល់​នេះ​បាន​ប្រព្រឹត្ត​នៅ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​រដ្ឋសភា , ប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​ក្នុង​ខេត្ត , សមាជិក​ក្រុមប្រឹក្សា​ខេត្ត , អភិបាលរង​ខេត្ត , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង​លោកគ្រូ​អ្នកគ្រូ មាតាបិតា អាណាព្យាបាល ជាច្រើន​ផងដែរ​។

​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ មណ្ឌល​ខេត្តសៀមរាប មាន​បេក្ខជន​ប្រឡង​ចំនួន​សរុប ៨.៤៩២​នាក់ ក្នុងនោះ​ស្រី​ចំនួន ៤.៧២៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤​បន្ទប់ ដោយ​ចែកចេញជា ២ ផ្នែក ៖ គឺ ផ្នែក​វិទ្យាសាស្ត្រ​ពិត ៖ មាន​៤​មណ្ឌល ស្មើ​និង ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥.៧៧០​នាក់ ហើយ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សរុប​មាន​ចំនួន ៦.៥១១​នាក់​ក្នុងនោះ​ស្រី​ចំនួន ៣.៧៦៣​នាក់ ស្មើនឹង​៧៧,២៥​ភាគរយ ក្នុងនោះ​ស្រី​ស្មើនឹង​៨០,០៨​ភាគរយ ក្នុងនោះ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៣៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៥​នាក់ , និទ្ទេស B មាន​ចំនួន ១៩០​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០៥​នាក់ , និទ្ទេស C មាន​ចំនួន ៤៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ស្រី ២៩៤​នាក់ , និទ្ទេស D មាន​ចំនួន ១.៣១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ៨២៨ នាក់ និង និទ្ទេស E មាន​ចំនួន ៤.៤៩៥​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.៥២១​នាក់ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា វិស័យ​អប់រំ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ ដោយ​កុមារ យុវជន និង​មនុស្សពេញវ័យ ត្រូវ​ទទួលបាន​ការសិក្សា និង​ការអប់រំ​ពេញ​មួយជីវិត មិន​ឈប់ឈរ ដោយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​ការអប់រំ​ត្រូវ​ផ្តោតលើ​ការកសាង​ជំនាញ និង​ការផ្តល់​ឱកាស​ដល់​សិស្ស​គ្រប់រូប ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង​មូលដ្ឋាន ដើម្បី​ឈានទៅ​សិក្សា​លើ​ចំណេះ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ឯកទេស​ផ្សេងៗ ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ ដែល​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ​ដល់​គ្រប់​ស្រទាប់​យុវជន ក្នុង​ការកសាង​អនាគត​របស់ខ្លួន​ប្រកបដោយ​គុណភាព​។

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ មានប្រសាសន៍ថា ការសិក្សា​នៅ​ឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​សិស្ស​ទទួលបាន​លទ្ធផល​និទ្ទេស A និង និទ្ទេស​B ព្រមទាំង​និទ្ទេស​ផ្សេងៗ​ទៀត​នោះ មាន​កត្តា​ចំនួន ២​សំខាន់ គឺ ៖ ទី​១- ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផ្ទាល់​របស់​សិស្ស និង​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល និង ទី​២- ដោយសារ​ការខិតខំរ​បស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ឱកាស​ឱ្យមាន​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ស្ថេរភាព​នយោបាយ និង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និង​គ្រូបង្រៀន ហើយ​បើ​មិនមាន​កត្តា​រួមគ្នា​ទាំងអស់នេះ​ទេ ក៏​មិន​អាចមាន​លទ្ធផល​ដូច​ពេល​នេះដែរ​។

​ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ពិត​ជាមាន​សុក្រឹត្យភាព ដោយសារ​ក្នុងចំណោម​សិស្ស​ទទួលបាន​និទ្ទេស A និង​និទ្ទេស​ផ្សេងៗ​ទៀត ហើយ​ចំណុច​គួរឱ្យកត់សម្គាល់​មួយទៀត នៅ​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​នេះ គឺ​នៅ​ឆ្នាំ​២០១៧ , ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងចំណោម​សិស្ស​ទទួល​បាន​និទ្ទេស A ទូទាំងប្រទេស នៅ​ខេត្តសៀមរាប ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ដែលជា​ចំនួន​មួយ​ត្រូវបាន​ការកោតសរសើរ និង​សក្តិសម​ទទួលបាន​ការ​លើកទឹកចិត្ត​តាមរយៈ​ប្រគល់ជូន​ម៉ូតូ​ម្នាក់​១​គ្រឿង នា​ថ្ងៃនេះ​។

​ឯកឧត្តម អ៊ុក គឹម​លេខ មានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​វិស័យ​អប់រំ ជា​ការងារ​អាទិភាព ព្រោះ​ការអប់រំ​បាន​បង្កើតឡើង​មូលធន​មនុស្ស គំនិត​ច្នៃប្រឌិត បច្ចេកវិទ្យា ដែលជា​កត្តា​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ដើម្បី​ធានាបាន​នូវ​សក្តានុពល សម្រាប់​ការប្រកួតប្រជែង​ជា​អន្តរជាតិ ការធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ចជាតិ និង​និរន្ត​ភាព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​យើង ហើយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលដៅ​ជា​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល បាន​បន្ត​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​លើ​គ្រប់ផ្នែក​ប្រកបដោយ​គុណភាព និង​មាន​គុណធម៌​ល្អ​ប្រពៃ ដែល​ឆ្លើយតប​ទៅនឹង​សំណូមពរ​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ដើម្បី​កសាង​កម្ពុជា​ឲ្យ​ក្លាយជា​សង្គម​រីកចម្រើន ជឿនលឿន ដែល​ផ្អែកលើ​មូលដ្ឋាន​ចំណេះដឹង​លើ​គ្រប់​វិស័យ រួមទាំង​ខាង​វិទ្យាសាស្ត្រ បច្ចេកទេស និង​ចំណេះធ្វើ ហើយ​ដើរ​ស្រប​ជាមួយនឹង​ការរីកចម្រើន​នៃ​បណ្តា​ប្រទេស នៅក្នុង​តំបន់ និង​ពិភពលោក​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្មួយៗ ដែល​ទទួលបាន​និទ្ទេស​A និង​និទ្ទេស​B នាពេលនេះ នឹង​ខិតខំ​បន្ត​ការសិក្សា​ទៅមុខទៀត ដើម្បី​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ​សម្រាប់​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ជាមួយ​ធនធាន​របស់​ក្មួយៗ​ដែលមាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បន្តវេន កសាង ការពារ អភិវឌ្ឍ​សង្គមជាតិ ឱ្យ​ឆ្លើយតបបាន​ទៅនឹង​បរិបទ នៃ​ការវិវត្តន៍​ក្នុង​តំបន់ និង​ពិភពលោក និង​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នាពេល​អនាគត ក្នុងការ​លើកកម្ពស់ ការអភិវឌ្ឍន៍​ធនធានមនុស្ស ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រទេសជាតិ ចូលរួមចំណែក​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ។

 

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ , ជាប់​និទ្ទេស B មាន​ចំនួន​១៤៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧៧​នាក់ , ជាប់​និទ្ទេស C មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៨០​នាក់ , ជាប់​និទ្ទេស D មាន​ចំនួន​១.៥៣៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​៩១៦​នាក់ និង ជាប់​និទ្ទេស E មាន​ចំនួន ៣.៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.០៨៩​នាក់ ៕​