រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីជូនដំណឹង​មួយ ស្ដីពី​ការការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០

កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩  រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សូម​ជូនដំណឹង​មួយ ជម្រាប​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត​មនុស្សពេញវ័យ និង​កន្លែង​កម្សាន្ត​សប្បាយ​នានា​ទាំងអស់ ក្នុងន័យ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ឈានចូល​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ ។

​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នេះ ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ត្រូវធ្វើ​ការត្រួតពិនិត្យ​ឲ្យ​ម៉ត់ចត់​នូវ​ប្រព័ន្ធ​អគ្គិសនី​ប្រព័ន្ធ​ការពារ​អគ្គិភ័យ និង​ច្រកចេញ​សម្រាប់​គ្រា​មាន​អាសន្ន​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត​មនុស្សពេញវ័យ និង​កន្លែង​កម្សាន្ត​សប្បាយ​នានា​ទាំងអស់ ជាពិសេស ចំពោះ​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​នានា​នៅក្នុង​តំបន់​ផាប់​ស្ទ្រី​ត ដែលមាន​អគារ​ជា​សំណង់​បុរាណ​ចាស់​ទ្រុឌទ្រោម ត្រូវ​រៀបចំ​ឲ្យ​មាន​ច្រក​សុវត្ថិភាព និង​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​កម្សាន្ត ចាប់ពី​ជាន់​ទី​១ ដល់​ជាន់​ដំបូល​ទែ​រ៉ា​ស់ និង​ការ​បំពង​សំឡេង​ដែលមាន​រំ​ញ័រ​ខ្លាំង ព្រមទាំង​ពិនិត្យ និង​កំណត់​ចំនួន​ភ្ញៀវ​ដែល​ចូល​កម្សាន្ត​សប្បាយ ដើម្បី​ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព ជៀសវាង​នូវ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ។

​សេចក្ដីជូនដំណឹង បានបញ្ជាក់​បន្ថែមថា ចំពោះ​ទីតាំង​ដែលមាន​ការប្រគុំ​តន្ត្រី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ម្ចាស់​ទីតាំង​ត្រូវ​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ ហើយ​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត​នានា និង​អ្នកលក់ដូរ​ចល័ត ត្រូវ​ពិនិត្យ និង​ធានា​ឲ្យ​បាន​នូវ​គុណភាព សុវត្ថិភាព​ចំណីអាហារ​របស់ខ្លួន ដើម្បី​ជៀសវាង​នូវ​បញ្ហា​កើតមានឡើង​ដូចជា ការពុល​ចំណីអាហារ​ដល់​ភ្ញៀវ​ដែល​បាន​ចូល​ពិសារ​អាហារ​នៅតាម​ទីតាំង​របស់ខ្លួន ៕​