រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​បន្ថែម ស្តីពី​ការបន្ត​វិធានការ​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​

នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​បន្ថែម​មួយ ស្តីពី​ការបន្ត​វិធានការ​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់ ដោយ​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងមកហើយ ដែល​ជំនន់​ទន្លេមេគង្គ បាន​បង្ក​ឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ នៅ​បណ្តា​ខេត្ត​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ហើយ​បើទោះបីជា​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ ប៉ុន្តែ​ការ​ស្រក​ចុះ​នេះ​មាន​សភាព​យឺត ជាក់ស្តែង​ខេត្តស្ទឹងត្រែង ដែល​ចាប់តាំងពី​ពេល​ស្រក​ចុះ​នៅ​យប់​ថ្ងៃទី ០៦ មកដល់​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០១៩ មាន​រយៈពេល ០៤ ថ្ងៃ​កន្លះ ស្មើនឹង ១០៨ ម៉ោង ទឹក​ស្រក​ចុះ​បានត្រឹមតែ ០,៦០ ម៉ែត្រ ប៉ុណ្ណោះ ។

​តាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​បន្ថែម​នេះ បាន​បញ្ជាក់ថា យោងតាម​ការ​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩​តទៅ នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ថ្មី​មួយ​កើតឡើង ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ខ្លួន​ចុះមក​ក្រោម (​ចន្លោះ​ស្ទឹងត្រែង​-​ប៉ាក់ សេ​) ដែល​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ជម្រុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ដែល​ធ្វើ​ឲ្យ​ជំនន់​ឆ្នាំ​២០១៩ នេះ ចាត់ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ ។

​សារាចរ​ណែនាំ​បន្ថែម​នេះ បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និង​វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើនឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ប្រជាពលរដ្ឋ ៕​