អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​និង​រំកិល​ព្រះ​សព ព្រះ​ធម្ម​មុនី​ញាណ ហាប់ ច​យ​


​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្តសៀមរាប ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​និង​រំកិល​ព្រះ​សព ព្រះ​ធម្ម​មុនី​ញាណ ហាប់ ច​យ ព្រហ្ម​ជោតិ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា ព្រះចៅអធិការ​វត្តភ្នំ​ក្រោម ដែល​បានទទួល​អនិច្ច​ធម្មកា​លពី​ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៦៩​ព្រះវស្សា ខណៈដែល​ព្រះ​សព​ត្រូវបាន​តម្កល់ និង​បង្សុកូល ទក្ខិណានុប្បទាន ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​វត្តភ្នំ​ក្រោម ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប រហូតដល់​រសៀល​ថ្ងៃទី​១៥​ខែមករា ដែលជា​ថ្ងៃ​ប្រ​រ​ព្ឋ​ពិធី​រំកិល​ព្រះ​សព​ដាក់​លើ​រថយន្ត​ដង្ហែ​ជុំវិញ​ភ្នំ​ក្រោម រួច​យកមក​តម្កល់ទុក​នៅលើ​ជើងថ្ករ​ក្នុង​វត្តភ្នំ​ក្រោម ដើម្បី​ឲ្យ​ព្រះសង្ឃ សិស្ស​គុណ និង​សាច់​សារ​លោហិត ញាតិ​ញោម ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ធ្វើ​វត្តប្រតិបត្តិ​គោរព​ចំពោះ ព្រះ​សព និង​រង់ចាំ​កាល​វេលា​ដ៍​សមគួរ​ទើប​ថ្វាយ​ព្រះ​ភ្លើង​បូជា ទៅតាម​ព្រះ​ឋានៈ​ជា​ព្រះចៅអធិការ ។

​ក្នុងឱកាស​នោះ​ឯកឧត្តម ទៀ សីហា បាន​សម្តែង​នូវ​ក្តី​សោកស្តាយ និង អាឡោះអាល័យ​ចំពោះ​ការបាត់បង់​ព្រះ​ព្រះចៅអធិការ​វត្តភ្នំ​ក្រោម ដែល​បានធ្វើឱ្យ​មន្ត្រីរាជការ សិស្សគណ និង​ពុទ្ធបរិស័ទ​មាន​សេចក្តី​ទុក្ខសោក​សង្រេង​ជា​ពន់ពេក​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី គុណធម៌ និង​កេរ្តិ៍ឈ្មោះ កិត្តិយស ដែល​កើត​ពី​អំពើ​ល្អ​របស់​ព្រះអង្គ​នៅតែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​យើង​ទាំងឡាយ គ្មាន​ថ្ងៃ​សាបសូន្យ​ឡើយ ដោយ​កាល​នៅមាន​ព្រះជន្ម ព្រះអង្គ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ មានដូចជា កសាង​កុដិ សាលាឆាន់ សាលា​ធម្មសភា សាលាឆទាន ព្រះវិហារ ផ្លូវថ្នល់ សាលារៀន ។​ល​។ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ៕​