អភិបាលខេត្ត​សៀមរាប ប្រកាស​បើក​ការ​សាង សង់​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែ ក្នុង​សង្កាត់​ស្លក្រាម​

គម្រោង​សាងសង់​ផ្លូវ​បេតុង​ចំនួន ០២​ខ្សែ ដែលមាន​ប្រវែង​សរុប​១.២៨៦​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប
​ក្នុងនោះ ផ្លូវ​បេ​តុ​ខ្សែ​ទី​១ នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា ប្រវែង ៦០០ ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ និង ផ្លូវ​បេតុង​ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​វត្ត​ត្រាំ​នាគ​ទៅខាង​កើត ក្នុងភូមិ​ធ្លក​អណ្តូង ប្រវែង​៦៨៦​ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ ក្រោម​ការប្រើប្រាស់​ដោយ​ថវិកា​របស់​រដ្ឋបាលខេត្ត​សៀមរាប ត្រូវបាន​ប្រកាស​ជា​សាធារណៈ​បើក​ដំណើរការ​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ​សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង​សៀមរាប ក្រុមប្រឹក្សា​សង្កាត់​ស្លក្រាម និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​យ៉ាងច្រើន​កុះករ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការសាងសង់​កែលម្អ​ពី​ផ្លូវ​ក្រាល​ដី​គ្រួស​ក្រហម ទៅជា​ផ្លូវ​ក្រាល​បេតុង​នេះ គឺជា​ការបោះ​ជំ​ហ៊ាន​ទៅមុខ​បន្ថែមទៀត ក្នុង​គោលដៅ​លុបបំបាត់​ផ្លូវដី​គ្រួស​ក្រហម​នៅក្នុង​ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ហើយក៏​អាចនិយាយបាន​ដែរ​ថា គឺជា​ជំ​ហ៊ាន​នៃ​ការអភិវឌ្ឍ​បន្ថែមទៀត​សម្រាប់​ក្រុង​សៀមរាប លើ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ដែលជា​សមិទ្ធផល​ចាំបាច់ ក្នុង​គុណ​តម្លៃ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច រួមចំណែក​យ៉ាងសំខាន់ កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួនាទី​មិនអាច​ខ្វះ​បាន​ក្នុង​វិស័យ​សន្តិសុខ ការរៀបរយ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​សុខុមាលភាព ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​ធំៗ​ជាច្រើន​ជា​ប្រវត្តិសាស្ត្រ ជា ពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ព្រមទាំង​ការធ្លាក់ចុះ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ ការលើកកម្ពស់​ផលិតភាព និង​ការរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដូច្នេះ តាមរយៈ​ការសាងសង់​ផ្លូវ​បេតុង ចំនួន​០២​ខ្សែ នាពេលនេះ នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព រស់នៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ថែមទៀត ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខេត្តសៀមរាប​របស់​យើង​ឱ្យ​កាន់តែ​មានការ​រីកលូតលាស់ សក្តិសម​ជាទី​ក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ៕​