អភិបាលស្រុក​ស្វាយ​លើ សន្យា​ព្យាយាម​ស្វែងរក​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​នូវ​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​លើ​

បន្ទាប់ពី​ទទួលបាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​លើ ពាក់​ព័​ន្ទ​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​រួចមក លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​អះអាងថា អាជ្ញាធរ​ស្រុក​នឹង​កោះ​អ​ញ្ចើ​ញ​សហគមន៍​ទឹក​នៅក្នុង​ឃុំ​ស្វាយ​លើ និង​អ្នកពាក់ព័ន្ធ​មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស​ទឹក រួម​ជាមួយនឹង​ការបង់​វិភាគទាន​នៃ​ការប្រើប្រាស់​ទឹក​ទៅ​ឲ្យ​សហគមន៍​ទឹកជា​រៀងរាល់ខែ​ផងដែរ ។

​អ្នកស្រី ទុយ លឿ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ បាន​លើកឡើងថា សព្វថ្ងៃនេះ​រូបគាត់ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងភូមិ បាន​ប្រើប្រាស់​ទឹក​របស់​សហគមន៍​ឃុំ​ស្វាយ​លើ ប៉ុន្តែ​ការប្រើប្រាស់​ទឹក​នោះ​មិន​គ្រប់គ្រាន់​ឡើយ ព្រោះ​នៅពេលដែល​បើកទឹក​ប្រើប្រាស់ គឺ​ទឹក​ហូរ​ចេញ​មកពី​ក្នុង​ទុយោ​តិចៗ ប្រើ​មិន​គ្រប់គ្រាន់​នោះទេ ហើយ​វិល​តែ​កុង​ទ័​រ​ទឹក​ប៉ុណ្ណោះ ដល់ពេល​ដាច់​ខែ​គិតលុយ​អស់ពី​៥​ទៅ​៦ ម៉ែត្រគូប ដែល​តម្លៃ​ក្នុង​១​ម៉ែត្រគូប​ថ្លៃ​១​ពាន់​រៀល ដូច្នេះ សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តាជួយ​រក​ដំណោះស្រាយ និង​ចុះ​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ផង ពីព្រោះ​ខាង​សហគមន៍​នេះ បានដាក់​ទុយោ​ទឹក និង គឺ​ឡូ​វាស់​ទឹក តែ​អត់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ នា​រដូវប្រាំង ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​នូវ​លំបាក​យ៉ាងខ្លាំង​ជាមួយនឹង​ការ​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃនេះ​។

​លោក យ៉ែម សាវុន ជំទប់​ទី​២​ឃុំ​ស្វាយ​លើ និង ជា​តំណាង​សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ បាន​ចងក្រង​ជា​ក្រុម​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដែលមាន​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ក្នុងភូមិ​ចំនួន​៤ ក្នុង​ឃុំ​ស្វាយ​លើ រួមមាន ៖ ភូមិ​បិត​ផ្កា , ភូមិ​ជប់​លើ , ភូមិ​ជប់​ក្រោម និង​ភូមិ​ត្រពាំង​ខ្នារ ហើយ​ឥឡូវនេះ សហគមន៍​ទឹក បានរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក អាង​ស្តុ​ប​ទឹក​ដើម្បី​ចម្រោះ​យក​ទឹកស្អាត​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នា​រដូវប្រាំង​នៅតាម​មូលដ្ឋាន​របស់​ពួកគាត់ ដែល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ។

​លោក យ៉ែម សាវុន បានឱ្យដឹង​ទៀតថា កាលពី​ឆ្នាំមុន មាន​ទុយោ​ទឹក​ចាស់ៗ​មួយចំនួន​បាន​បាក់បែក មក​ទើប​នៅ​ឆ្នាំ​២០២០​នេះ​ខាង​សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ បានរៀបចំ​សាជាថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ទៅតាម​តម្រូវការ​តាម​មូលដ្ឋាន ប៉ុន្តែ​មិនទាន់​បានរៀបចំ​ឲ្យ​ស្រួល​មូល​នៅឡើយ​ទេ​ដោយសារ​ខ្វះ​ថវិកា ខណៈ​កន្លងមក មានតែ​ប្រជាពលរដ្ឋ​មួយចំនួន​ប៉ុណ្ណោះ ដែល​បានផ្ដល់​ថវិកាបដិភាគ​ជូន​សហគមន៍ ដូច្នេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទឹក បាន​បង់​ថវិកាបដិភាគ​គ្រប់គ្នា​នោះ សហគមន៍​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​រៀបចំ​ឲ្យ​ប្រព័ន្ធ​ទឹកបាន​ដំណើរ​ការល្អ សម្រាប់​បម្រើ​ឲ្យ​ការប្រើប្រាស់​ទឹកបាន​គ្រប់គ្រាន់ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​បញ្ហា​ទឹក​ដែល​សហគមន៍​បានរៀបចំ​កន្លងមក​ឃើញថា ពុំទាន់​មាន​ភាពរលូន និង ធ្វើឱ្យមាន​បញ្ហា​ប្រឈម​ជាច្រើន​ជាមួយ​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ តាំងពី​មានទឹក​ដែល​បង្ហូរ​ចូល​អាង​ស្តុ​ប​ទឹក​ចម្រោះ​ទឹក​ថ្មី ដែល​សាងសង់​ដោយ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង សហគមន៍​ទឹក​នៅក្នុង​ឃុំ​ស្វាយ​លើ ខណៈ​សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ​នេះ មិនទាន់មាន​ច្បាប់​មក​ដល់​ស្រុក​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ឃុំ​ប៉ុណ្ណោះ ។

​លោក អៀង ពិសិដ្ឋ មានប្រសាសន៍​ទៀតថា កាលពីមុន​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បានមក​វិនិយោគ​ទៅលើ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត សម្រាប់​ការប្រើប្រាស់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ គឹ​ឃុំ​ស្វាយ​លើ និង ឃុំ​តា​សៀម ប៉ុន្តែ​នៅពេលដែល​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ មាន​បងប្អូន​ប្រជាពលរដ្ឋ​មូ​យ​ចំនួន បានមក​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​បន្តទៀត​ទេ ដោយសារ​ពួកគាត់​គិតថា បើសិន​ក្រុមហ៊ុន​ធ្វើ​វា​អាចមាន​ផលប៉ះពាល់​ដល់​ពួកគាត់​ដែល​ធ្លាប់ប្រើ​ប្រាស់​នៅ​ប្រព័ន្ធ​ទឹក​ខាងលើ​ភ្នំ​យូរណាស់​មកហើយ​នោះ ។

​លោក​អភិបាលស្រុក​ស្វាយ​លើ មានប្រសាសន៍​បន្ថែមថា ទោះជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ស្រុក​នឹង​កោះ​អ​ញ្ចើ​ញ​សហគមន៍​ទឹក​នៅក្នុង​ឃុំ​ស្វាយ​លើ និង​អ្នកពាក់ព័ន្ធ​មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស​ទឹក រួម​ជាមួយនឹង​ការបង់​វិភាគទាន​នៃ​ការប្រើប្រាស់​ទឹក​ទៅ​ឲ្យ​សហគមន៍​ទឹកជា​រៀងរាល់ខែ​ផងដែរ ។

​សូមបញ្ជាក់ថា សហគមន៍​ទឹក​របស់​ឃុំ​ស្វាយ​លើ បាន​បង្កើត​តាំង​ឆ្នាំ​២០០៣ រហូតដល់​ឆ្នាំ​២០១៣ ទើប​លោក​មេឃុំ​ស្វាយ​លើ​បានចេញ​សេចក្តីសម្រេច​ចងក្រង​ជា​សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ​មួយ ដែលមាន​អ្នកចូលរួម​ប្រើប្រាស់​ទឹក​នោះ​ចំនួន​៤​ភូមិ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ ហើយ​បាន​ចាត់ចែង​អ្នក​នៅក្នុង​សហគមន៍​នោះ​ធ្វើជា​ប្រធាន​សហគមន៍ ដើម្បី​អនុវត្ត​គម្រោង​ប្រើប្រាស់​ទឹក​របស់​សហគមន៍​បន្ត​ទៀត លុះដល់​ដើមឆ្នាំ​២០២០​នេះ សហគមន៍​បានរៀបចំ​ធ្វើ​អាង​ចម្រោះ​ទឹក​មួយ ស្ថិតនៅក្នុង​វត្ត​ស្វាយ​លើ ដើម្បី​ចម្រោះ​យក​ទឹកស្អាត​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុងភូមិ​ទាំង​៤​នេះ ដោយសារ​សាងសង់​នៅ​អាង​ចម្រោះ​ទឹក​នេះហើយ​ទើប​ខាង​សហគមន៍​ខ្វះខាត​ថវិកា ។

​ការរៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក​នេះ គឺ​ត្រូវ​រៀប​ចាប់​ពីលើ​ភ្នំ​គូលែន​ត្រង់ចំណុច​ភូមិ​តា​ពេញ ហើយ​ត​ចុះមក​ក្រោម ដើម្បី​ចែកចាយ​ទឹក​ប្រើប្រាស់​ទៅតាម​ភូមិ​ចំទាំង​៤ ហើយ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទឹក ត្រូវ​បង់​ថវិកាបដិភាគ​ប្រមាណ​ជាង​១០​ម៉ឺន​រៀល​ដំបូង ជូន​ដល់​សហគមន៍​ទឹក​ឃុំ​ស្វាយ​លើ ដើម្បី​យក​ថវិកា​ទាំងនេះ​ទៅ​រៀបចំ​ប្រព័ន្ធ​ទុយោ​ចូល​តាម​ផ្ទះ និង​ដាក់កុង​ទ័​រ​ទឹក ដើម្បី​ងាយស្រួល​ក្នុងការ​គិតលុយ ពេលដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​បន្តទៀត ដែល​ក្នុង​មួយ​ម៉ែត្រគូប មានតម្លៃ​មួយ​ពាន់​រៀល ៕​