ពិធី​បំពាក់​ឋានន្តរ​ស័​ក្ត បំពេញ​កិច្ច​ប​ច្ឆា​មរណៈ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

កាលពី​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​មន្ត្រី​នគរបាលជាតិ បាន​ប្រារព្ធ​កិច្ច​បំពាក់​ឋានន្តរស័ក្តិ បំពេញ​កិច្ច​ប​ច្ឆា​មរណៈ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ជូន​ដល់​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង ប្រតិភូ បាន​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ក្នុង​អារម្មណ៍​សែន​ក្ដុកក្ដួល​រំជួលចិត្ត អាឡោះអាល័យ និង សោកស្ដាយ​ជា​ពន់ពេក និង បាន​ចាត់ទុកថា មរណភាព​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ គឺជា​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្នុងការ​បាត់បង់​មនុស្ស​ដ៏​សំខាន់ ជាទី​ស្រឡាញ់​កក់ក្តៅ​នៅក្នុង​គ្រួសារ​នៃ​សព ហើយក៏​ជាការ​បាត់បង់​ធនធានមនុស្ស នៅក្នុង​អង្គភាព យ៉ាង​សោកស្តាយ​ផងដែរ ។

​ជាមួយគ្នានេះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​ បាន​នាំយក​ថវិកា​ចំនួន ១២​លាន​រៀល ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​សព ក្នុងនោះ​រួមមាន : ថវិកា​មិត្ត​នគរបាល​ចំនួន ៦​លាន​រៀល , បច្ច័យ​សទ្ធា​ផ្ទាល់​របស់​ឯកឧត្តម ខេង សុមេធ និង​លោកជំទាវ ៤​លាន​រៀល និង​ប​ច្ជ័​យ​សទ្ធា​របស់លោក​ស្នងកា​រ​ខេត្តសៀមរាប ២​លាន​រៀល ។

​គួរ​រលឹក​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ជា​ប្រធាន​ផែន​សេនាធិការ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៥៧​ឆ្នាំ ។

 

​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ បាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​វត្ត​កេស​រា​រាម ហៅ វត្ត​ធម្មយុត្តិ ក្នុង​ក្រុង​សៀមរាប ដើម្បី​ឧទ្ទិស​កុសល​ជូន​ដំណើរ​ចុងក្រោយ ដោយ​ក្តី​អាឡោះអាល័យ​បំផុត​ពី​ក្រុមគ្រួសារ ញាតិ មិត្ត និង​ជិត​ឆ្ងាយ​នៃ​សព មន្ត្រីនគរបាល​រួមការ​ងារ មន្ត្រីរាជការ​ជុះ​វិញ​ខេត្ត ក៏បាន​ចូលរួម​កាន់​មរណទុក្ខ​ផងដែរ ។

​បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត​សម្បត្តិ ត្រូវ​រៀបចំ​ពិធី​ដង្ហែ​ចេញ​កន្លែង​តម្កល់សព ប្រទក្សិណ​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប និង​វិលត្រឡប់​មកកាន់​វត្ត​កេស​រា​រាម​វិញ រំកិលសព​ឡើងលើ​មេរុ រៀបចំ​ពិធី​បូជា នៅវេលា​ម៉ោង ១៨ ៕​