យានយន្ដដែលមិនទាន់បង់ពន្ធផ្លូវ នឹង​ផាកពិន័យ​គុណ​និង​២ ក្រោយ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា

យោងតាម​របាយការណ៍​ពី​សាខា​ពន្ធដា​ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​បាន​ចូលខ្លួន​មក​បង់ពន្ធ​យានយន្ត​សរុប​ចំនួន​២៨៨១១​គ្រឿង ក្នុងនោះ​អត្រា​ប្រាក់​ពន្ធ​ស្មើ​និង​១០​ពាន់​លាន​រៀល​។ រីឯ​នៅ​ក្នុង​ឆ្នាំ​២០១៧​វិញ ចំនួន​ម្ចាស់​យានយន្ត​ដែល​បាន​ចូលខ្លួន​មក​បង់ពន្ធ​ចំនួន​៣១៦២៧​គ្រឿង និង​អត្រា​ប្រាក់​ពន្ធ​ចំនួន​១១​ពាន់​លាន​រៀល មាន​ការកើនឡើង​ចំនួន​១០​ភាគរយ​នៃ​ឆ្នាំ​២០១៦​កន្លងទៅ​។​


​ប្រជាពលរដ្ឋ​មួយ​រូប លោក វុទ្ធី អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ក្នុង​ក្រុង​សៀមរាប បាន​លើកឡើង​ថា ការបង់ពន្ធ​យានយន្ត​នៅ​មិនទាន់មាន​តម្លាភាព ដោយ​នៅ​តែ​មាន​ការ​គេចវេស​ពី​សំណាក់​ម្ចាស់​យានយន្ត​ខ្លះ មិន​ព្រម​ចូលខ្លួន​ប្រកាស​បង់ពន្ធ ដោយ​ជ្រក​ក្រោម​ស្លាក​លេខ​របស់​រដ្ឋ​ជាដើម ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ថវិកា​សំរាប់​អភិវឌ្ឍន៍​។ លោក​បន្តថា បង់ពន្ធ​មធ្យោបាយ​របស់ខ្ញុំ​ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា​ខ្ញុំ​បាន​ធ្វើ​រួចរាល់​ហើយ តែ​ទន្ទឹម​និង​នោះ​ខ្ញុំ​នៅ​មិន​ពេញ​ចំពោះ​ការបង់ពន្ធ​របស់​ពល​រដ្ឋ និង​មន្ត្រី​ខ្លះ​មិន​គោរព​តួនាទី​បង់ពន្ធ​ជូន​រដ្ឋ ដោយ​យក​ស្លាក​របស់​រដ្ឋ​របស់​ជាតិ​ទៅ​បំរើ​ដើម្បី​គេច​ពី​ការបង់ពន្ធ​។​

​លោក ចាន់ ដា​រ៉ា ប្រជាពលរដ្ឋ​មួយ​រូប រស់នៅ​ក្នុង​ក្រុង​សៀមរាប បាន​លើកឡើង​ថា លោក​បាន​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​យានយន្ត​របស់​លោក​រួច​រាល់​ហើយ ការធ្វើ​បែប​នេះ​លោក​មិនបាច់​ភ័យខ្លាច​ពី​ការផាកពិន័យ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ នៅពេល​ធ្វើដំណើរ​ទៅ​ណា​មក​ណា​។ លោក​បន្តថា ខ្ញុំ​បាន​បង់ពន្ធ​រថយន្ត​រួចរាល់​ហើយ ខ្ញុំ​មិន​ភ័យព្រួយ​ពី​ការផាកពិន័យ ឬ​គេច​ពី​សមត្ថកិច្ច​ទេ តែ​ខ្ញុំ​ចង់ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​ទៅលើ​អ្នក​ដែល​មិន​បាន​បង់ពន្ធ​។

​​ជាមួយ​បញ្ហា​នេះ លោក អាង រ៉ាស៊ី ប្រធាន​ការិយាល័យ​សេវា​អ្នក​ជាប់ពន្ធ នៃ​សាខា​ពន្ធដា​ខេត្តសៀមរាប បាន​លើកឡើង​ថា ការប្រមូល​ពន្ធ​យានយន្ត​ចាប់ផ្តើម​ពី​ខែ​មិថុនា​ដល់​ចុង​ខែ​វិច្ឆិកា​ជា​រៀងរាល់ឆ្នាំ ក្នុង​ករណី​ម្ចាស់​យានយន្ត​មិន​បាន​បង់ពន្ធ​ប្រចាំឆ្នាំ ពួកគាត់​នឹងរង​ការផាកពិន័យ​មួយ​ទ្វេ​ពីរ​នៃ​ប្រាក់​ពន្ធ​សរុប​ក្រោយពេល​ចប់​ការប្រកាស​បង់ពន្ធ​។​

លោក អាង រ៉ាស៊ី ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ករណី​ដែល​ត្រូវ​លើកលែង​ចំពោះ​យានយន្ត​មួយចំនួន​។​
​ឧទាហរណ៍​ឆ្នាំ​២០១៧​អត់​បាន​បង់ គាត់​នឹង​ត្រូវ​ពិន័យ​ស្មើនឹង​ប្រាក់​ពន្ធ (x2) សូម្បីតែ​រថយន្ត​រដ្ឋរ​បស់​មន្ទីរ​ក៏​អត់​លើកលែង​ដែរ អ្វី​ដែល​យើង​លើកលែង​គឺ​រថយន្ត​កងកម្លាំងប្រដាប់អាវុធ​(​ខ ម ឬ ន ប​) រថយន្ត​អគ្គីភ័យ រថយន្ត​ស្ថានទូត ក៏​មាន​ការលើកលែង​ដែរ​។​

​គួ​រម្លឹកថា ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​យានជំនិះ​គ្រប់​ប្រភេទ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​បើក​ទ្វារ​ឲ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​មក​បង់ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​០១​មិថុនា​រហូត​ដល់​ថ្ងៃ​៣០​ខែវិច្ឆិកា​។ ក្នុងនោះ​បើ​តាម​របាយការណ៍​ពី​សាខា​ពន្ធដា​ខេត្តសៀមរាប ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​យានជំនិះ​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៨​គិត​ចាប់ពី​ដើមខែ​មិថុនា​ដល់​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា​កន្លង​ទៅ មាន​ម្ចាស់​យានយន្ត​បាន​អញ្ជើញ​មក​បង់ពន្ធ​យានយន្ត​សរុប​ចំនួន ២០៦៣​គ្រឿង ក្នុងនោះ​អត្រា​ប្រាក់​ពន្ធ​៧៧៧៨​លាន​រៀល ធៀប​និង​ឆ្នាំ​២០១៧ បាន​ចំនួន​ជាង​៦៥​ភាគរយ​។​

​ក្នុងនោះ​បើ​តាម​ការបញ្ជាក់​ពី​អង្គភាព​ពន្ធដា​ខេត្ត បានឲ្យដឹងថា​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​ខាងមុខ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក នឹង​ត្រូវ​បង់​ប្រាក់​ពន្ធ និង​បង់ប្រាក់​ពិន័យ​១០០​ភាគរយ​នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​សរុប​៕

 

អត្ថ​បទ៖ អ្នក​នាង​ ធៀង​ ស្រី​មុំ