ឯកឧត្តម ទៀ សីហា អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​មុខតំណែង​អភិបាលស្រុក​ស្រីស្នំ​

នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​លោក លោក ហ៊​ន់ ឬ​ទ្ធិ ឋានន្តរ​សិ​ក្ត័ វរៈមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាលស្រុក​ស្ដីទី ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ តាម​អនុ​ក្រឹ​ត​លេខ​១២០៣ អនក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា​៖ ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​នេះ អាស្រ័យ​ដោយមាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ហើយ​ម្យ៉ាងទៀត​ក៏​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​នូវរ​ច​នា​សម្ព័ន្ធ ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្ពោះទៅរក​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ​ឃុំ ក្នុងការ​បម្រើ​ដល់​តម្រូវការ​ផលប្រយោជន៍​របស់​ប្រជាជន ។

​ឯកឧត្តម ទៀ សីហា បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ស្រុក នូវ​សម​ទ្ធិ​ផល​ដែល​ស្រុក​ទទួលបាន​កន្លងមក​នេះ​ថា​៖​កត្តា​រីកចម្រើន​របស់​ស្រុក កើតឡើង​បាន​អាស្រ័យ​ប្រទេសជាតិ​មាន​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​សូមឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព តាមរយៈ​ផ្តល់​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ជា​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រីរាជការ ងាយស្រួល​ដល់​មន្ត្រី​បំពេញការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន ជាពិសេស សូម​ឲ្យ​អភិបាលស្រុក​ថ្មី នៃ​ស្រុក​ស្រីស្នំ ដែល​ទើប​ចូលកាន់​តំណែង ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ស្រុក ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចំបង និង យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ និង ជំរុញ​ការងារ​បង្កបង្កើនផល ។

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមថា លើសពីនេះ ត្រូវ​ពង្រីង និង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍ ដោយ​សហការ​ជាមួយ​មន្ទីរជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ស្រីស្នំ​ទាំងមូល និង ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃ​រវាង​គណៈ​អភិបាលស្រុក ជាមួយ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ លើ​ការដឹកនាំ ការគ្រប់គ្រង និង ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​សាលាស្រុក ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព​លឿន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព ពិសេស​ត្រូវ​សហការ​សាមគ្គីភាព​ជាមួយ​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង កង​ម្លាំ​ង​ប្រដាប់​ទាំង​៣​ប្រភេទ ចូលរួម​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។

​ក្នុងឱកាស​នោះដែរ លោក ហ៊​ន់ ឬ​ទ្ធិ អភិបាលស្រុក​ស្រីស្នំ ដែល​ទើប​តែងតាំង​ថ្មី បាន​ប្ដេជ្ញា​គោរព និង អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត ដោយ​សន្យា​ខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ និង អនុវត្តន៍​នូវ​វិធានការ​ចាំបាច់​ទាំងឡាយ សំដៅ​បង្កើន​ការងារ​ទប់ស្កាត់ និង បង្ក្រាប​នូវ​បទល្មើស​គ្រប់​ប្រភេទ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ​កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ស្រីស្នំ ៕​