ក្រសួងសុខាភិបាល​ប្រកាសថា សមាជិក​៣​នាក់​ជា​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិខ្មែរ អាយុ​៣៨​ឆ្នាំ ដែលមាន​មេរោគ​កូ​វីត​១៩ លទ្ធផល​ធ្វើតេស្ត​បញ្ជាក់ថា គ្មាន​ជំងឺ Covid-19 នោះឡើយ​

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News នៅ​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២០​នេះ​ថា សមាជិក​៣​នាក់ ដែលជា​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិខ្មែរ អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប បានធ្វើ​តេស្ត​ស្វែងរក​ជំងឺ Covid-19 រួចហើយ ដោយ​លទ្ធផល​អវិជ្ជមាន បានសេចក្តីថា អ្នក​ទាំង​៣​នាក់​មិនមាន​ផ្ទុះ​វីរុស Covid-19 នោះឡើយ​។

​លោកជំទាវ ឱ វណ្ណឌី​ន បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​ធ្វើតេស្ត​ក្រុមគ្រួសារ​៣​នាក់ របស់​បុរស​ជនជាតិ​ខ្មែរ​យើង អាយុ​៣៨​ឆ្នាំ​ដែល​រកឃើញ​វិជ្ជមាន ឥឡូវនេះ​លទ្ធផល​ទទួលបាន​ហើយ គឺ​ពួកគាត់​អវិជ្ជមាន​ទាំង​៣​នាក់​»​។

​សូមជម្រាបថា កម្ពុជា​បាន​រកឃើញ​មេរោគ Covid-19 មួយ​ករណី​ទៀត នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ នៅលើ​ខ្លួន​បុរស​ជនជាតិខ្មែរ​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​ធ្វើការ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី ដែល​ចាក​ចេញពី​ខេត្តសៀមរាប នៅ​កាន់​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​។

​ការប្រកាស​អំពី​ភាព​វិជ្ជមាន នៃ​មេរោគ Covid-19 នៅក្នុង​ប្រទេស​កម្ពុជា បានធ្វើ​ឡើង​ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នៅក្នុង​សន្និសីទកាសែត​មួយ នា​ព្រលប់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​កម្ពុជា​។

​ការរកឃើញ​ជំងឺ Covid-19 ថ្មី​នៅ​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​យក​កំហាក​មនុស្ស​សង្ស័យ​៤​នាក់ នៅ​ខេត្តសៀមរាប ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ហើយ​ចាក​ចេញពី​ខេត្តសៀមរាប ទៅកាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​មនុស្ស​៣​នាក់ ក្នុងចំណោម​៤​នាក់​នោះ ពុំមាន​ការឆ្លង​នោះទេ ខណៈដែល​ក្រសួងសុខាភិបាល នឹង​តាម​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ដោយ​ទុក​ពួកគេ​នៅ​ស្ថិតនៅ​ដាច់ដោយឡែក​៕