ក្រសួងសុខាភិបាល ច្រានចោល និង​ថ្កោលទោស​ចំពោះ​ជន​បង្ហោះ​ព័ត៌មាន​បំពុលសង្គម​ថា «​គ្រប់​មន្ទីរពេទ្យ​ឲ្យ​តែ​សង្ស័យ​មាន​ឆ្លង Covid-19 នឹង​ចាក់​ថ្នាំ​សម្លាប់ចោល​»

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ចេញមក​ទាត់ចោល និង​ថ្កោលទោស​ចំពោះ​សកម្មជន Facebook ដែលមាន​និន្នាការ​ប្រឆាំង ដែល​បង្ហោះ​ព័ត៌មាន​បំពុល បំណង​ធ្វើ​ឲ្យ​មាន​ភាពចលាចល​សង្គម បាន​លើកឡើងថា «​គ្រប់​មន្ទីរពេទ្យ​ឲ្យ​តែ​សង្ស័យ​មាន​ឆ្លង Covid-19 នឹង​ចាក់​ថ្នាំ​សម្លាប់ចោល​»​។

​លោកជំទាវ វណ្ណឌី​ន បាន​ទាត់ចោល​ការលើកឡើង បែប​ល្ងង់ខ្លៅ​របស់​សកម្ម​ជន​ប្រឆាំង និង​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្វះ​ស្វែងរក​វិធី​ធ្វើយ៉ាងណា​ចាប់ខ្លួន​ជន​នោះ មក​ផ្តន្ទាទោស​តាមច្បាប់ កុំ​ឲ្យ​នៅតែ​បន្ត​បង្កើត​ព័ត៌មាន​បំពុល ធ្វើ​ឲ្យ​សង្គម​ចលាចល​បែបនេះ​ទៀត​។

​លោកជំទាវ ឱ វណ្ណឌី​ន បានចាត់ទុក​ការ​បង្ហោះ​ព័ត៌មាន​ប្រ​ឌិន​នេះ​ថា «​ជា​ពាក្យសំដី​អសីលធម៌ និង​ប្រឌិត​បំពុលសង្គម​ទាំងស្រុង​។ សូមកុំ​ជឿ និង​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់ការ​តាមផ្លូវ​ច្បាប់​»​។

​ជាមួយគ្នានេះ លោកជំទាវ​នៅតែ​អំពាវនាវ​យ៉ាងទទូច ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកលេង Facebook សូមកុំ​ជឿ​ទៅលើ​ព័ត៌មាន​មិន​ផ្លូវការ ឬ​ការ​បង្ហោះ Facebook ដែល​គ្មាន​ប្រភព​ច្បាស់ ហើយ​សូមមេត្តា​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រសិន​មាន​អ្វី​វិវត្តន៍​ថ្មី ក្រសួង​នឹង​ជម្រាបជូន​ភ្លាមៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ងាយស្រួល​បង្ការ​៕