ការអប់រំ​បេតិកភណ្ឌ និង ជំរុញ​ការយល់ដឹង​ផ្នែក​វប្បធម៌​ដល់​កុមារ គឺ​ទាមទារ​ឱ្យមាន​ការជួយ​ពី​អ្នកជំនាញ​បន្ថែម​លើ​ម៉ោង​សិក្សា​

លោកស្រី ញ៉េប សា​យឿន នាយិកា​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក មានប្រសាសន៍ថា ការអប់រំ​បេតិកភណ្ឌ​ដល់​កុមារ ជំរុញ​ការយល់ដឹង ការស្រឡាញ់​មរតក​វប្បធម៌​ក្នុងភូមិ ដែល​កត្តា​នេះ​ទាមទារ​ការជួយ​ពី​សហគមន៍​និង​អ្នកជំនាញ​បុរាណវិទ្យា​បន្ថែម​លើ​ម៉ោង​សិក្សា ព្រោះ​កម្មវិធី​អប់រំ​អនុវត្ត​តាម​ក្រសួង​កំណត់ មិនសូវ​មាន​ពេលវេលា​ច្រើន ចំណែក​សមត្ថភាព​របស់​លោកគ្រូ​អ្នកគ្រូក៏​នៅមានកម្រិត មិន​សូវ​យល់​ច្បាស់​ដូច​អ្នកជំនាញ​ដែល​មាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​នោះ​ទេ​។ ពិសេស ការ​នៅ​បន្ត​ទំនៀម​របស់​អ្នកស្រុក​ក្នុង​សហគមន៍ ការណែនាំ​ពី​ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ ការគាំទ្រ​ពី​គ្រួសារ ក៏​ជា​កត្តា​សំខាន់​ក្នុង​ការឱ្យ​កុមារ​ចងចាំ ស្គាល់ បានឃើញ និង​បណ្តុះ​គំនិត​ពួកគេ​ឱ្យ​ថែរក្សា​និង​ស្រឡាញ់​មរតក​វប្បធម៌​ទាំងនោះ​ដោយ​ឯកឯង​ដែរ ។

​លោកស្រី ញ៉េប សា​យឿន មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដែល​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​អំពី​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ នៅ​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន​២០០​នាក់ ឱ្យ​ស្គាល់ ចូលរួម ថែរក្សា ការពារ​បុរាណ​ដ្ឋា​ន ទំនៀមទម្លាប់ ជំនឿ​សាសនា និង​បរិស្ថាន​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​។

​លោកស្រី ញ៉េប សា​យឿន បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បង្កើត​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង បើ​ទោះបី​មាន​រយៈពេល​ខ្លី តែ​បាន​បន្ថែម​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ជំនឿ​អ្នកស្រុក​ដល់​កុមារ​នៅទីនេះ​បាន​ស្គាល់ ហើយ​អាច​សង្កេត​បាន​ពេល​គេ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទាំងនោះ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​