វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ទទួលបាន​សម្ភារ​កីឡា​ពី​សប្បុរសជន​ក្នុង​ស្រុក​

សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ សរុប​ជា​ទឹកប្រាក់​ចំនួន ២៥០​ដុល្លារ​អាម៉េរិក និង ថវិកា​ចំនួន​មួយ​លាន​រៀល​ផ្សេងទៀត សម្រាប់​កសាង​សួន​អម​សង្ខាង​ផ្លូវ​ចូល​សាលា ដែលជា​អំណោយ​សប្បុរសធម៌​រួម​របស់​លោក ស៊ុក ឈុន្នី និង លោក ជូ ពុ​ន មាន​ទីលំនៅ​ក្នុង​ឃុំ​ពួក ស្រុក​ពួក ត្រូវបាន​ប្រគល់ជូន​ដល់​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ដើម្បី​បំពេញ​តាម​តម្រូវការ​ចាំបាច់​របស់​សាលា ។

​លោក អាន លឹម​ខេង នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក បាន​មានប្រសាសន៍ថា សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ ដែលជា​អំណោយ​របស់​លោក ស៊ុក ឈុន្នី និង លោក ជូ ពុ​ន នាពេលនេះ ពិតជា​បាន​រួមចំណែក​មួយ​យ៉ាងសំខាន់ សម្រាប់​លើកស្ទួយ​វិស័យ​កីឡា​នៅ​ក្នុង​សាលារៀន ដែល​វិស័យ​នេះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា កំពុង​យកចិត្ត​ទុក​ជា​ខ្លាំង ដូច្នេះ​តាមរយៈ​នេះ ជំនួស​មុខ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោ​ទាំងពីរ ដែល​កន្លងមក​តែងតែ​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ជា​រៀង​រហូត​មក​តាម​តម្រូវការ​ជាក់ស្ដែង ។

​លោក អាន លឹម​ខេង មានប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ការជួយឧបត្ថម្ភ​ចំពោះ​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក លោក​ទាំង​ពីរ​នាក់​នេះ ក៏​ធ្លាប់បាន​ជួយ​ឧបត្ថម្ភ​ដល់​សាលារៀន​មួយចំនួន​ផ្សេងៗ​ទៀត ទាំង​នៅក្នុង និង​ក្រៅ​ភូមិសាស្ត្រ​ស្រុក​ពួក និង ជួយឧបត្ថម្ភ​ក្នុង​ការជួសជុល​ផ្លូវលំ​ក្នុងស្រុក ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​មួយចំនួន​ផង​ដែរ ដែល​សកម្មភាព​នេះ ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលុបបំបាត់​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

​លោក ស៊ុក ឈុន្នី បាន​មានប្រសាសន៍ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​កំពុង​តែ​យកចិត្ត​ទុក​ជា​ខ្លាំង​លើ​វិស័យ​កីឡា ហើយ​ដោយ​មើលឃើញ​ពី​ភាព​តម្រូវការ​ចាំបាច់រ​បស់​សាលា​ផង​នោះ លោក និង លោក ជូ ពុ​ន បាន​មូលមតិ​គ្នា ទិញ​ជា​សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​សាលា​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​កីឡា​នេះ ក្រៅ​ពី​ការលើកកម្ពស់​ឲ្យ​សុខភាព​មាំមួន និង បង្កើន​នូវ​ចំណងមិត្តភាព សាមគ្គីភាព​នោះ ក៏​ជា​ចំណែក​មួយ​យ៉ាង​សំខាន់ ធ្វើឲ្យ​យុវ​សិស្ស​របស់​យើង ចៀស​ឆ្ងាយ​បាន​ពី​ការប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​នានា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ជាតិ​ផង​ដែរ ។

​លោក ស៊ុក ឈុន្នី មានប្រសាសន៍​ទៀត​ថា រយៈកាល​កន្លងមក លោក និង លោក ជូ ពុ​ន ក៏​ធ្លាប់បាន​ជួយ​ជា​ថវិកា​ទៅតាម​លទ្ធភាព​របស់​ខ្លួន សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សាលា តាម​ការរីកចម្រើនរ​បស់​សាលា​ផងដែរ ហើយ​តទៅ​អនាគត លោក​នឹង​ជួយ​ឧបត្ថម្ភ​បន្តទៀត​តាម​លទ្ធភាព​របស់​ខ្លួន តាម​តម្រូវការ​ចាំបាច់​របស់​សាលារៀន ជាពិសេស នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក និង លោក ជូ ពុ​ន បាន​សន្យាថា នឹង​ជួយ​ចាក់ដី​បំពេញ​សម្រាប់​ទីលានកីឡា​ក្នុង​សាលារៀន ៕

​អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត​
​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​