អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់ ផ្ញើលិខិត​ទៅ WHO ដើម្បី​ឲ្យ​ពិនិត្យឡើងវិញ​នូវ លទ្ធភាព​ដែល COVID-19 ឆ្លងតាម​ខ្យល់អាកាស​!


(​ញូយ៉ក​)៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់​បាន​និយាយថា មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​អំពី​ភាគ​លិ្អ​ត​តូ​ចនៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នៅក្នុង​ខ្យល់អាកាស អាច​ចម្លង​ដល់​មនុស្ស និង​បាន​អំពាវនាវ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ត្រួតពិនិត្យ​ឡើងវិញ​នូវ​អនុសាសន៍ ឬ​ការណែនាំ​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន New York Times នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៦ ខែកក្កដា ឆ្នាំ​២០២០​។​


​អង្គការ WHO ធ្លាប់បាន​បញ្ជាក់​ឱ្យដឹងថា COVID-19 អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​តំណក់​ទឹកតូច​ចេញពី​ច្រមុះ ឬ​មាត់ នៅពេលដែល​អ្នកមាន​ផ្ទុក​ជំងឺ​នេះ​កណ្ដាស់ ឬ​ក្អក​។ ប៉ុន្តែ​បើតាម​សារព័ត៌មាន New York Times ដោយ​ផ្អែកលើ​លិខិត​ចំហ​មួយច្បាប់​ផ្ញើជូន WHO របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ២៣៩​នាក់​មកពី​ប្រទេស​ចំនួន​៣២ ដែល​គ្រោង​នឹង​ចេញផ្សាយ​ការសិក្សា​ថ្មី​មួយ នៅ​សប្ដាហ៍​ក្រោយនេះ​បានឱ្យដឹងថា មាន​ភស្ដុតាង​ថ្មី​បន្ថែមទៀត អាច​បញ្ជាក់បាន​ថា ភាគល្អិត​តូចៗ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នៅក្នុង​ខ្យល់អាកាស ក៏​អាច​ចម្លង​ដល់​មនុស្ស​ផងដែរ នៅពេល​ស្រូប​វា​ចូល​។​


​គួរ​បញ្ជាក់ថា អង្គការ WHO មិនទាន់​ធ្វើការ​អត្ថា​ប្បាយ​អ្វី​ឡើយ​នៅទេ តែ​កាលពី​ពេលមុន ទីភ្នាក់ងារ​សុខាភិបាល​អង្គការសហប្រជាជាតិ​មួយ​នេះ ធ្លាប់បាន​បញ្ជាក់ថា ភស្តុតាង​ដែល​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​រស់នៅ ឬ​ចម្លង​ទៅ​មនុស្ស​តាម​ខ្យល់អាកាស មិនទាន់មាន​ភាព​ប្រា​ដក​ជា ឬ​អាច​ជឿជាក់​បាន​ទាំងស្រុង​នោះទេ​។ បច្ចុប្បន្ន​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​មើលឃើញថា កំពុង​វាយលុក​ខ្លាំង​នៅ​ទ្វីបអាមេរិក និង​តំបន់​អាស៊ី​ខាងត្បូង ខណៈ​តំបន់​ជាច្រើន​ទៀត ក៏​កំពុង​ឲ្យ​សញ្ញា​ថា នឹង​អាច​ផ្ទុះ​រលក​ទី​២ នៃ​ការឆ្លង​ផងដែរ​៕