ឥណ្ឌា​បាន​នាំយក​របាំ​មក​សម្ដែង​រួមគ្នា​ជាមួយ​កម្ពុជា​នៅ​ទីលាន​ជន់​ដំរី ក្នុង​ពិធីបុណ្យ​របាំ Bharatanatyam អន្តរជាតិ​

ក្រុមហ៊ុន Seenu Gnanam Travels បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប រៀបចំ​ពិធីបុណ្យ​របាំ Bharatanatyam អន្តរជាតិ នៅ​ទីលាន​ជន់​ដំរី នៃ​បរិវេណ​ប្រាសាទអង្គរធំ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ​២០១៩​នេះ ដោយមាន​ការសម្តែង​សិល្បៈ​របាំ​រួម គ្នា​រវាង​ឥណ្ឌា​និង​កម្ពុជា ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​លើ​វិស័យ​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ជា​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ ទាំង​វប្បធម៌ និង សាសនា​ជាដើម ក្រោម​អធិបតីភាព លោក មួន សុភាព ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជាទី​ប្រឹក្សា​ក្រសួង និង ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ នៃ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ប្រតិភូ​ក្រសួង​វប្បធម៌​និង​សិល្បៈ​ឥណ្ឌា សិល្បករ​មកពី​វិទ្យាស្ថាន​សិល្បៈ Bharatanatyam នៃ​ប្រទេស​ឥណ្ឌា ព្រមទាំង​សិល្បករ សិល្បការិនី​ជាតិ ចូលរួម​ផងដែរ ។

​លោក មួន សុភាព មានប្រសាសន៍ថា ក្នុងនាម​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ សូម​សម្ដែង​នូវ​មោទនភាព និង ក្តីរំភើប ចំពោះ​គោលបំណង​និង​កិច្ចសហការ​ដ៏​ល្អ​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណង​នៃ​ការទំនាក់ទំនង​មិត្តភាព និង ការទូត​ជា​ប្រវត្តិសាស្ត្រ តាំងពី​សតវត្សរ៍​ទី​១ នៃ​គ្រឹះសករាជ នា​សម័យ​ហ្វូណន ហើយ​ប្រទេស​កម្ពុជា​ក៏បាន​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា នូវ​សាសនា​ធំ​ពីរ គឺ​សាសនា​ហិណ្ឌូ និង ព្រះពុទ្ធសាសនា ដែលមាន​ជាអាទិ៍ ប្រាង្គ​ប្រាសាទអង្គរវត្ត ជា​ភស្តុតាង​ស្រាប់ ហើយ​ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង គោរព​ប្រតិបត្តិ​បូជា​តរៀង មកដល់​សព្វថ្ងៃនេះ ។

​លោក មួន សុភាព មានប្រសាសន៍​ទៀតថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​លើក​ទី​១ រវាង​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប ជាមួយ​សិល្បករ​មកពី​វិទ្យាស្ថាន​សិល្បៈ Bharatanatyam នៃ​ប្រទេស​ឥណ្ឌា ក្រោម​ការផ្តួចផ្តើម​រប​ស់​ក្រុមហ៊ុន Seenu Gnanam Travels ប្រចាំខេត្ត​សៀមរាប ដែល​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ខណៈដែល​ពិធីបុណ្យ​របាំ Bharatanatyam គឺ ដើម្បី​គោរព​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ ដើម្បី​នាំមក​នូវ​ភាពរុងរឿង​មកដល់​ប្រជាជន​កម្ពុជា និង បណ្តា​អ្នក​គោរព​ព្រះ​សិវៈ នៅ​ជុំវិញ​ពិភពលោក ។

​គួររំលឹកថា ពិធីបុណ្យ​របាំ Bharatanatyam គឺមាន​អត្ថន័យ​ផ្តោតលើ​ការទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ តាំងពី​បរម​បុរាណកាល រវាង​អាណាចក្រ​ខ្មែរ​និង​ឥណ្ឌា ហើយ​ពិធីបុណ្យ​របាំ Bharatanatyam អន្តរជាតិ​នេះ តែ​ប្រារព្វ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ប្រាសាទ Chidambaram Natarajar និង សម្រាប់​រយៈពេល​១​ពាន់​ឆ្នាំ​ចុងក្រោយ​នេះ ប្រាសាទ Natiya Anjali សម្រាប់​ឧទ្ទិស​ដល់​ព្រះ​សិវៈ ក្នុង​តំបន់​Chidambaram ក្នុង​រដ្ឋ Tamil Nadu ហើយ​គោលបំណង​ចង់​រៀបចំ​កម្មវិធី​នេះ​ឲ្យ​ស្រដៀង​គ្នា នៅក្នុង​តំបន់​អង្គរ ដូច​កាលដែល​រៀបចំ​រៀងរាល់ឆ្នាំ​ក្នុង​តំបន់ Bharatanatyam ផងដែរ ។

​ក្នុង​ពិធីបុណ្យ​នេះ ក៏មាន​និស្សិត​ផ្នែក​សិ​ល្បះ​របាំ Bharatanatyam មកពី​ប្រទេស​ឥណ្ឌា និង បណ្តា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក មក​ទស្ស​កិច្ច​នៅ​ប្រាសាទអង្គរវត្ត​ផងដែរ ៕​