ការចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម​ក្នុងថ្ងៃនេះ មន្ត្រី​ជំនាញ​បង្ហាញថា​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា នៅក្នុង​ខណៈពេលដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ក្រោម សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ យើង​ពុំបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ ដាក់​នៅក្នុង​ប្រភេទ​ទំនិញ​ម្ហូបអាហារ​ស្រស់​មួយចំនួន​ឡើយ ដូចជា​សណ្តែកបណ្តុះ , ស្ពៃជ្រក់ , ស​សៃ​គុយទាវ , ជ្រក់ទំពាំង , ផ្អក​ត្រី , នំ​បញ្ចុក , តៅហ៊ូ និង អាហារ​ស្រស់​គ្រឿង​សមុទ្រ ជាដើម ដូច្នេះ​អាច​វាយតម្លៃ​បាន​ថា សព្វថ្ងៃនេះ អាជីវករ​មាន​ស្មារតី​ភ្ញាក់រលឹក​យ៉ាងខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន​នោះ និង ប្រជា​ពល​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ជាមួយនឹង​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ចំពោះ​ការថែរក្សា​សុខភាព តាមរយៈ​នៃ​ការជ្រើសរើស​ទិញ​ម្ហូបអាហារ​ប្រចាំថ្ងៃ​របស់​ពួកគាត់​នោះ ។

​លោក ព្រៅ ខេ​ម​រិ​ទ្ធ មានប្រសាសន៍​ទៀតថា ទោះជា​យ៉ាងនេះ​ក្ដី ក្រុមការងារ​របស់លោក នៅតែ​បន្ត​ការចុះ​ត្រួតពិនិត្យ ការតាមដាន និង ការអប់រំ ព្រោះ​វា​ជា​មូលដ្ឋាន​នាំមក​នូវ​ជោគជ័យ ដែល​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​នឹង​កំពុង​អនុវត្តន៍​ជា​រៀងរាល់ថ្ងៃ ដើម្បី​សុវត្ថិភាព​ម្ហូបអាហារ កាន់តែ​ល្អប្រសើរ​ឡើងទៅ​ថ្ងៃ​អនាគត ។

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្នុងពេល​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​ចាស់​នោះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ក៏​រក​ពុំ​ឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ ឬក៏​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សា​រដែរ ៕​