ខេត្ត​សៀមរាប​ទាក់ទាញ​ភ្ញៀវទេសចរ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ខេត្ត​សៀមរាប​ដែល​មាន​ប្រាសាទបុរាណ​ល្បីល្បាញ​ជាច្រើន​បាន​ក្លាយជា​ខេត្ត​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​​ឲ្យ​ទៅ​ទស្សនា​​ច្រើន​ជាង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​តួលេខ​របស់​មន្ទី​រទេស​ច​រណ៍​ខេត្ត​សៀមរាប​​បាន​ឲ្យ​ដឹងថា​​ ៦០​​ភាគរយ​​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទូទាំងប្រទេស​បាន​មក​ទ​ស្សនា​ខេត្ត​សៀមរាប​នា​ឆ្នាំ​កន្លងមក​។

​លោក ជុង សុ​ខេមរៈ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ ភ្ញៀវទេសចរ​មកលេង​ខេត្ត​សៀមរាប​មាន​ចំនួន ៥, ០៤២ ៥១៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ២, ៨៣៧ ២៣៩​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ២, ២០៥ ២៧៤នាក់​។ លោក​បន្តថា ក្រៅ​ពី​តំបន់​ប្រាសាទ ខេត្ត​សៀមរាប​​ក៏​មាន​តំបន់​ទីក្រុង តំបន់​ធម្មជាតិ​ជាប់​បឹង​ទន្លេសាប រមណីយដ្ឋាន​កែច្នៃ និង​សារមន្ទីរ​ជាដើម ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យមក​ទស្សនា​យ៉ាងច្រើន​កុះករ​។

ការកើនឡើង​ភ្ញៀវ​ទេសចរ​បាន​ធ្វើឲ្យ​ក្រុង​សៀមរា​បប្រែក្លាយ​ជា​ក្រុង​ទំនើប​មួយ​ដែល​មាន​កំណើន​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត ហាង​លក់ទំនិញ​ជា​ច្រើន​យ៉ាង​ឆាប់រហ័ស សម្រាប់​បម្រើឲ្យ​វិស័យ​ទេសចរណ៍​។ ជាងនេះ​ទៅ​ទៀត​​ វិស័យ​​ទេសចរណ៍​​ក៏​​បាន​​រួម​ចំណែក​​​លើក​កម្ពស់​​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​សៀមរាប​តាម​រយៈ​​ការបង្កើត​​មុខរបរ ការងារ និង​សេវាកម្ម​ផ្សេងៗ​ផងដែរ​៕