ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ ត្រូវបាន​បិទ​បញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២២ ម្សិលមិញ​

បន្ទាប់ពី​ដំណើរការ​ប្រកួតប្រជែង​អស់​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១ និង ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងមក ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ត្រូវបាន​បិទ​បញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា តំណាង​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។

​បើតាម​រប​សោ​ការណ៍​របស់លោក ជា ប៊ុនហេង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត បាន​ឲ្យ​ដឹងថា ៖ ការប្រកួត​នេះ មាន​វិញ្ញាសា​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ចម្ងាយ ១.០០០​ម៉ែត្រ និង ចម្ងាយ ៥០០​ម៉ែត្រ ផ្នែក​បុរស , វិញ្ញាសា​ទូក​កា​នូ​-​កា​យ៉ាក់ ចម្ងាយ ៥០០​ម៉ែត្រ និង​វិញ្ញាសា​ទូក​រ៉ូ​អ៊ីង ចម្ងាយ ៥០០​ម៉ែត្រ ដោយមាន​កីឡាករ កីឡាការិនី សរុប​ចំនួន​៨០​នាក់ មកពី​សមាគម​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង នៃ​ភូមិភាគ​បឹង​ទន្លេសាប ចំនួន​៤​ខេត្ត គឺ ខេត្តសៀមរាប , បន្ទាយមានជ័យ , កំពង់ឆ្នាំង និង​ខេត្តពោធិសាត់ ដោយ​អវត្តមាន​ចំនួន​២​ខេត្ត គឺ​ខេត្តបាត់ដំបង និង ខេត្ត​ប៉ៃលិន ។

​លោក ជា ប៊ុនហេង បានបញ្ជាក់​ទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បំផុស និង​លើកកម្ពស់​ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង ឲ្យ​មាន​សកម្មភាព​នៅ​ទូទាំងប្រទេស និង​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ផ្អែក​តាម​លទ្ធផល​នៃ​ការប្រកួត​នេះ គឺ​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ របស់​ខេត្តសៀមរាប ទទួលបាន​ជ័យលាភី លើក​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ទាំង​វិញ្ញាសា ១.០០០​ម៉ែត្រ និង ៥០០​ម៉ែត្រ , ខេត្តបន្ទាយមានជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង ខេត្តកំពង់ឆ្នាំង ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា តាមរយៈ​នៃ​ព្រឹត្តិការណ៍​នេះ គឺជា​ការបង្ហាញ​នូវ​សក្តានុពល​ទេសចរណ៍​ក្រៅពី​ប្រាសាទ​របស់​ស្រុក​បន្ទាយស្រី គឺ​រមណីយដ្ឋាន​បឹង​ឈូក​ដ៏​ទាក់ទាញ ដែល​មិន​ត្រឹមតែ​ជា​រមណីយដ្ឋាន​សម្រាប់​ការ​ទស្សនា​សម្រស់​ធម្មជាតិ និង ជា​កន្លែង​ជួបជុំគ្នា​រីករាយ​នា​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ទេ តែ​រមណីយដ្ឋាន​បឹង​ឈូក​នេះ ពិតជា​ត្រូវបាន​សម្លឹង​ឃើញថា ជា​គោលដៅ​នៃ​ការវិនិយោគ​សម្រាប់​វិស័យ​ទេសចរណ៍ តាមរយៈ​នៃ​ការដាក់​ឲ្យ​មាន​សេវាកម្ម​កំសាន្ត​លើ​ផ្ទៃ​ទឹក ដូចជា​ទូក​កា​នូ​-​កា​យ៉ាក់ នេះ​ជាដើម ដែលជា​ប្រភេទ​កីឡា​ពេញ​និយមនៃ​ភ្ញៀវ​បរទេស និង​សម្រាប់​ការសាកល្បង​កំសាន្ត​របស់​ភ្ញៀវ​ជាតិ​ផងដែរ ។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​នៅ​កម្ពុជា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​បណ្តើរៗ​ពី​មហាជន ចាប់តាំងពី​សហព័ន្ធ បាន​កែទម្រង់​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ខ្លួន ជាពិសេស​កាន់តែ​មា​នវ​ឌ្ឍ​នភា​ព​ទាំង​បរិមាណ និង​គុណភាព ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ប៉ុន្តែ​ចាំបាច់​ត្រូវខិតខំ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី​បន្ថែមទៀត នៅតាម​បណ្តា​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង ទូទាំងប្រទេស ដូច្នេះ​សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ណាស់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ជាមួយនឹង​ការខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត ឱ្យបាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន ។

​សូមបញ្ជាក់ថា ភូមិភាគ​ទាំង​០៥ ដែល​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​ទូក​រ៉ូ​អ៉ី​ង​កម្ពុជា គ្រោង​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង ទូក​រ៉ូ​អ៊ីង​នេះ រួមមាន ៖
១. ភូមិភាគ​នារ​តី មាន​ខេត្តតាកែវ , កំពត , កែប , ព្រះសីហនុ , កំពង់ស្ពឺ និង ខេត្តកោះកុង ការប្រកួត​និង​វគ្គ​បណ្ដុះបណ្ដាល បាន​ចាប់ដំណើរការ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ និង​ពិធី​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី ៣០ ខែមករា ដល់​ថ្ងៃទី​០៥ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ខេត្តតាកែវ ។​
២. ភូមិភាគ​បឹង​ទន្លេសាប មាន​ខេត្តពោធិសាត់ , កំពង់ឆ្នាំង , សៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្ត​ប៉ៃលិន ការប្រកួត​និង​វគ្គ​បណ្ដុះបណ្ដាល បាន​ចាប់ដំណើរការ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ នៅ​តំបន់​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី និង​ពិធី​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០២០ នៅក្នុង​ក្រុង​សៀមរាប ។​
៣. ភូមិភាគ​វាលរាប មាន​ខេត្តកណ្ដាល , កំពង់ចាម , ត្បូងឃ្មុំ , កំពង់ធំ , ព្រៃវែង និង ខេត្តស្វាយរៀង ការប្រកួត​និង​វគ្គ​បណ្ដុះបណ្ដាល នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែមីនា និង​ពិធី​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ នៅ​ខេត្តកណ្ដាល ។​
៤. ភូមិភាគ​ឦសាន មាន​ខេត្តក្រចេះ , ស្ទឹងត្រែង , ព្រះវិហារ , ឧត្ដរមានជ័យ , រតនគីរី និង ខេត្ត​មណ្ឌល​គី​រី ការប្រកួត​និង​វគ្គ​បណ្ដុះបណ្ដាល នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៧ ខែមេសា និង​ពិធី​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ ។​
៥. មណ្ឌល​រាជធានី​ភ្នំពេញ មាន​ក្រសួងមហាផ្ទៃ , ក្រសួងការពារជាតិ , ក្រសួងពាណិជ្ជកម្ម និង រាជធានី​ភ្នំពេញ ការប្រកួត​និង​វគ្គ​បណ្ដុះបណ្ដាល នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែឧសភា និង​ពិធី​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ នៅ​បឹង​តា​មោក រាជធានី​ភ្នំពេញ ៕