ស្ត្រី​ជា​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​២​រូប ថ្លែងអំណរគុណ​អភិបាលខេត្ត​សៀមរាប និង សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​រូបគាត់ បន្ទាប់ពី​រូបគាត់ ទទួលរង​គ្រោះ​ដោយសារ​ករណី​ចោរឆក់​កាបូប ក្នុងអំឡុងពេល​មក​កំសាន្ត​នៅ​ខេត្តសៀមរាប​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ដែលជា​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់ ដែល​បាន​ចូលមក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្តសៀមរាប ឈ្មោះ FATEMEH ARABSHEIKH បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន ដែល​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ពួកគាត់ និង បាន​យកចិត្តទុកដាក់ ខិតខំ​ស្រាវជ្រាវ ស្វែងរក​ជនសង្ស័យរ​ហូត​ដល់​ឃាត់ខ្លួន​បាន ព្រមទាំង​បាន​ជួយ​រកឃើញ​នូវ​រាល់​ឯកសារ​ដែល​បាន​បាត់​ដូចជា​លិខិតឆ្លងដែន បន្ទាប់ពី​រូបគាត់​បានន​ទទួលរង​គ្រោះ​ដោយសារ​ករណី​ចោរឆក់​កាបូប កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ក្នុងអំឡុងពេល​កំពុង​ធ្វើដំណើរ​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី នៅតាម​ដងផ្លូវ​កូ​ម៉ៃ ឆ្ពោះទៅកាន់​ប្រាសាទអង្គរវត្ត ហើយ​បណ្ដាល​ឲ្យ​គាត់​ទទួលរង​របួស ។

​បន្ទាប់ពី​បានទទួល​នូវ​ព័ត៌មាន​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ករណី​ចោរឆក់​ការ​បូ​ប​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​ទាំង​២​រូបនេះ និង​បាន​ធានារ៉ាប់រង​លើ​ការចំណាយ​មួយចំនួន ដូចជា​ការព្យាបាល​របួស , ការ​ស្នាក់នៅ និង ការហូបចុក ព្រមទាំង​ចេញថ្លៃ​សំបុត្រ​យន្តហោះ សម្រាប់ធ្វើ​ដំណើរ​ទៅ​ក្រុង​បាងកក ប្រទេស​ថៃ ។

​បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ពួកគាត់​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី នៅតាម​ដងផ្លូវ​កូ​ម៉ៃ ឆ្ពោះទៅកាន់​ប្រាសាទអង្គរវត្ត ហើយ​គាត់​បាន​សង្កេតឃើញ​មាន​បុរស​ពីរ​នាក់ បាន​តាមមើល​គាត់​តាំងពី​កន្លែង​លក់​សំបុត្រ​ចូល​មើល​ប្រាសាទ​មកម្ល៉េះ លុះ​មកដល់​ពាក់​កណ្តាលផ្លូវ ជន​ទាំងពីរ​នាក់​នោះ បានធ្វើ​សកម្មភាព​ឆក់​ទាញ​កាបូប​របស់គាត់ ធ្វើ​ឲ្យ​មានការ​ប្រទាញប្រទង់​គ្នា រហូត​ស្ត្រី​ម្នាក់​ធ្លាក់​ពី​រ៉ឺម៉ក់ បោក​ក្បាល​ទៅនឹង​ផ្លូវ​បណ្តាល​ឲ្យ​គាត់​រងរបួស​ជាំភ្នែក​ខាងស្តាំ និង រលាត់​ដៃជើង រីឯ​ជនសង្ស័យ​ក៏​ដណ្ដើមយក​កាបូប និង​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ហើយ​ពួកគាត់​ក៏បាន​មកប្ដឹង​ដល់​សមត្ថកិច្ច ។

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ក្នុងករណី​ចោរឆក់​កាបូប​ហើយ​បណ្ដាល​ឲ្យ​មាន​របួស​ផង​នោះ សមត្ថកិច្ច​ខេត្តសៀមរាប បានធ្វើការ​ស្រាវជ្រាវ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុមមន្ត្រី​នគរបាល​ជំនាញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​មមាញឹក ព្រមទាំង​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៥​នាក់ នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ត្រូវបានធ្វើ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការចង្អុលបង្ហាញ​ពី​ជនរងគ្រោះ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ជាមួយគ្នា ក្នុងនោះ​ជនសង្ស័យ​ទី​១. ឈ្មោះ ទីវ ហ៊ុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង និង ទី​២. ឈ្មោះ រ៉េត មករា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប និង បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោកចក បាន​ប្រឹងប្រែង​ចុះ​ធ្វើ​ការរុករក​យ៉ាង​ហ្មត់ចត់ នៅតាម​ព្រៃ​ក្នុង​តំបន់​អង្គរ ដែល​ជនសង្ស័យ​បាន​បោះចោល​សម្ភារ​ដែល​ឆក់​បាន​ពី​ជនរងគ្រោះ ហើយ​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​នូវ​លិខិតឆ្លងដែន និង ឯកសារ​សំខាន់ៗ​មួយចំនួនទៀត របស់​ជនរងគ្រោះ ហើយ​នៅវេលា​ម៉ោង​៧:២០​នាទី​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​តំណាង​រដ្ឋបាល​សាលាខេត្ត និង​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នគរបាល​ទេសចរណ៍​ខេត្ត និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក​ផងដែរ បានប្រគល់​លិខិតឆ្លងដែន និង​ឯកសារ​សំខាន់ៗ​មួយចំនួនទៀត ជូន​ស្ត្រី​រងគ្រោះ​ជា​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​វិញ ។

​ក្នុង​ព្រឹត្តិការណ៍​នៃ​ករណី​គ្រោះថ្នាក់​នេះ ស្ត្រី​រងគ្រោះ​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​អ្នកសារព័ត៌មាន ខ្វះ​វិជ្ជាជីវៈ​មួយចំនួន ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រោះថ្នាក់​របស់គាត់​ជា​សាធារណៈ ដោយ​ពុំបាន​សុំរ​អនុញ្ញាត​ពី​រូបគាត់ ព្រោះថា គាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ដោយសារ​ការ​មក​ទស្ស​នា​ក្នុង​ខេត្តសៀមរាប ជាពិសេស​ប្រាសាទអង្គរវត្ត​នេះ គាត់​បាន​លាក់បាំង​ដំណើរ​កំសាន្ត​នេះ​ពី​ក្រុមគ្រួសារ​របស់គាត់ ហើយ​ការបង្ហាញ​ពី​ស្លាក​ស្នាមរបួស​នៅ​នឹង​មុខ​គាត់ អាច​នឹង​បង្ក​ជា​ភាពអវិជ្ជមាន​មួយ​យ៉ាងខ្លាំង ចំពោះ​អារម្មណ៍​របស់​កូនស្រី​របស់គាត់​មាន​អាយុ​១៤​ឆ្នាំ ដែល​បាន​កំពុងធ្វើការ​ប្រឡង នាំ​ឲ្យ​គេ​បាត់បង់​ស្មារតី នៅពេលដែល​ឃើញ​ម្តាយ​របស់ខ្លួន​មាន​គ្រោះថ្នាក់​តាមរយៈ​គេហទំព័រ​ទាំងនោះ ៕​