ក្រុម​សិល្បករ​កម្ពុជា​និង​ជប៉ុន សម្ដែង​សិល្បៈ​រួមគ្នា​នៅ​វិទ្យាល័យ​ពួក ដើម្បី​ស្វែងយល់​ពី​វប្បធម៌​និង​ចំណង​មិ​ត្ដ​ភាព​នៃ​ប្រទេស​ទាំងពីរ​

លោក អោម សុ​ផា​ណា នាយក​ប្រតិ​ប​ត្ដិ​អង្គការ​ម្លប់​បៃតង បាន​មានប្រសាសន៍ថា កាលពី​ល្ងាច ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុម​សិល្បៈ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​សហការគ្នា​សម្ដែង​សិល្បៈ​រួមគ្នា នៅក្នុង​សាលា​បរិស្ថាន​មេត្រី វិទ្យាល័យ​ពួក ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​សិល្បៈ វប្បធម៌ និង​បន្ដ​ពង្រឹង ពង្រីក​ចំណងមិត្តភាព សាមគ្គី​រវាង​ប្រទេស​ទាំងពីរ និង​ផ្ដល់​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ ហើយ​កម្មវិធី​សម្តែង​សិល្បៈ រវាង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​ជប៉ុន​នេះ ពិតជា​ទទួលបាន​នូវ​ចំណី​អារម្មណ៍​ថ្មី ប្លែក​ដែល​ពុំទាន់​ធ្លាប់បាន​ទស្សនា​ពីមុនមក ដោយមាន​ចម្រៀង​ជា​ភាសារ​ជប៉ុន ចម្រៀង​ចាប៉ីដងវែង ការសម្ដែង​ក្បាច់គុន​ល្បុក្កតោ និង ការនិទាន​រឿង​ជាដើម ។

​លោក ស៊ិន ចាន់ថុល អភិបាលស្រុក​ពួក មានប្រសាសន៍ថា ចំណង​មិ​ត្ដ​ភាពរ​វា​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា ជា​មិត្តភក្តិ​នឹង​គ្នា ដោយ​ក្នុងនោះ​មានការ​ជួយ​កសាង និង​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ជាច្រើន​ផងដែរ ដូចជា​ប្រទេស​ជប៉ុន​បានទទួល​និស្សិត​កម្ពុជា​ទៅ​អោ​ឲ្យ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​នោះ​ថែម​ទៀតផង​។

​លោក ស៊ិន ចាន់ថុល បញ្ជាក់​បន្ថែមថា ការសម្ដែង​សិល្បៈ​រួមគ្នា​នេះ វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​រឹតចំណង​មិ​ត្ដ​ភាព​បន្ថែមទៀត​រវាង​វប្បធម៌​ខ្មែរ និង​វប្បធម៌​ជប៉ុន ហើយ​តាមរយៈ​នៃ​ការសម្ដែង​សិល្បៈ​វប្បធម៌​នេះ ក៏​អាចជា​ផ្នែក​មួយ​នៃ​ទាក់ទាញ​អ្នក​ទេសចរណ៍​ពី​ប្រទេស​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន​ថែមទៀត ៕​