ជនជាតិ​ជប៉ុន​ដែល​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី នៅ​ស្រុក​ពួក ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​

​បុរស​ជនជាតិ​ជប៉ុន ២​នាក់ ទី​០១. ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ទី​០២. ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែល​ធ្វើ​សកម្មភាព​អារ​-​ក​សម្លាប់ ប្លន់​យក​រថយន្ត​ពី​អ្នករត់​តាក់ស៊ី​ម្នាក់​ឈ្មោះ ហ៊ឹម ចាន់ កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ត្រូវបាន​លោក ជូ លឹម ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​បទចោទប្រកាន់ ឃាតកម្ម​គិតទុក​ជាមុន​។

​តាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់ថា បន្ទាប់ពី​ធ្វើ​សកម្មភាព កម្លាំង​របស់​អធិការនគរបាល​ស្រុក​ពួក បាន​ឃាត់ខ្លួន​ជនជាតិ​ជប៉ុន​ចំនួន ២​នាក់ រួច​បញ្ជូន​យកមក​ការិយាល័យ​នគរបាល​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ​បាន​ប្រាប់ថា លុះ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​បាន​រក​តាក់ស៊ី ជិះ​ទៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណងរ​កឡាន​តាក់​ស៊ី​ថ្មី ដើម្បី​ប្លន់​យកទៅ​ប្រើប្រាស់ លុះ​ពេលទៅដល់ ពួកគេ​ក៏បាន​ជួល​រថយន្ត​ជនរងគ្រោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រព​ណ៏​ស្ករ ស្លាក​លេខ ២AB ៥២១៨ ដោយ​ពួកគេ​ប្រាប់ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុងតម្លៃ​៣០​ដុល្លារ​អាមេរិក ហើយ​ពេល​ជិះ​ដល់​ចំណុចកើតហេតុ ពួកគេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​ចុះ ដើម្បី​មើលផ្លូវ ដោយ​ទុកឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​សម្លាប់​យក​រថយន្ត ។

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជនរងគ្រោះ​មកលើ​ផ្លូវ ហើយ​ភ្លាមៗ ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​បាន​ប្រហែល ៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​យ៍​ដឹកស្រូវ បណ្តាល​ឲ្យ​ទៅមុខ​លែងរួច​។

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ករណី​ឃាត​កម្មនេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​ចាប់​ជនដៃដល់ បាន​ភ្លាមៗ និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត ហើយ​បន្ទាប់ពី​បញ្ចប់​ការសាកសួរ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តសៀមរាប ក៏បាន​បញ្ជូន​អ្នក​ទាំងពីរ​មកកាន់​សាលាដំបូង​ខេត្តសៀមរាប ហើយ​ចៅក្រម​សាលាដំបូង​ក៏​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​រសៀល​ថ្ងៃ​ដដែល ៕​