អ្នកព័ត៌មាន​ទាំងអស់ ត្រូវ​គោរព​គោលការណ៍​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន

ដោយ​បាន​ការគាំទ្រ​និង​ចង្អុលបង្ហាញ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន អង្គភាព​នានា​ក្នុង​ខេត្ត​សរុប​ប្រមាណ​៥០​នាក់ ក្រោម​អធិបតីភាព លោក លី សំរិទ្ឋិ អភិបាលរង​ខេត្ត ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ជានិច្ចកាល ឯកឧត្តម តែងតែ​យកចិត្តទុកដាក់​ពន្យល់​ណែនាំ​និង​ផ្តល់​ឱវាទ​ព្រមទាំង​អនុសាសន៍​ល្អៗ​ជាច្រើន​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទូទាំង​ប្រទេស ធ្វើយ៉ាងណា បំពេញ​តួនាទី​ការងារ​របស់​ខ្លួន​ឱ្យបាន​ល្អ​ចៀសវាង​ប្រាសចាក​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន ហើយ​ការជួបជុំ​គ្នា​នា​ឱកាស​នេះ ពិតជា​មាន​សារៈសំខាន់ និង​អត្ថប្រយោជន៍​ខ្លាំងណាស់ ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​រដ្ឋសភា​នីតិកាល​ទី​៦ ដើម្បី​ជ្រើសតាំង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម លីវ សុខុន មានប្រសាសន៍​ទៀត​ថា តាម​ប្រកាស​លេខ ១៧០ ប្រក​.​អន្តរក្រសួង រវាង​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ការផ្សព្វផ្សាយ​ក្រមសីលធម៌ អ្នកសារព័ត៌មាន គឺជា​ការ​ក្រើនរំលឹក​ក៏ដូចជា​ពង្រឹង​សមត្ថភាព​អំពី​តួនាទី​ភារៈកិច្ច និង​ការទទួលខុសត្រូវ​ដល់​អស់លោក​លោកស្រី​ជា​អ្នកសារព័ត៌មាន​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេចក្ដីថ្លៃថ្នូរ​សម្រាប់​អ្នកសារព័ត៌មាន ដែល​សាធារណជន​គ្រប់ៗ​រូប ចង់បាន និង​ត្រូវបាន​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដែល​បាន​ឡាយព្រហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ឆ្នាំ ១៩៩៤ និង​លិខិត​បទដ្ឋាន​ផ្សេងៗ​ទៀត ស្ដីពី​សិទ្ធិ​មនុស្ស​។

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក លី សំរិទ្ឋិ អភិបាលរង​ខេត្ត មានប្រសាសន៍ថា​៖​ការពិត​ណាស់​ការផ្សព្វផ្សាយ​ព័ត៌មាន គឺជា​មធ្យោបាយ​ស្ពាន​ចម្លង​ការងារ​រាជរដ្ឋាភិបាល អាជ្ញាធរ​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យបាន​យល់ដឹង​គ្រប់រឿង គ្រប់​បញ្ហា​ទាំង​ការអប់រំ ការកំសាន្ត ទាំង​ការអភិវឌ្ឍន៍​ដល់​ប្រជាពលរដ្ឋ ហើយ​អ្នកសារព័ត៌មាន​យើង​គោរព​បាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ប្រកប​ដោយ​ក្រមសីលធម៌​ខ្ពស់​នោះ​ច្បាស់​ជា​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ល្អ​មាន​សារៈសំខាន់ ហើយក៏​បាន​ដឹង​អំពី​សមិទ្ធផល របស់​រាជរដ្ឋាភិបាល​ពេញលេញ​ដែរ​។

​លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​ទៀត​ថា តាម​ការសង្កេត​ក្នុង​ពេល​កន្លងមក ពិតជា​មាន​បញ្ហា​អសកម្ម​មួយចំនួន​តូច​នៅ​សេសសល់​ដែល​អ្នកសារព័ត៌មាន មិន​បាន​បំពេញ​តាម​វិជ្ជាជីវៈ ធ្វើឲ្យ​ជះឥទ្ធិពលដ​ល់​អ្នកសា​រ​ព័ត៌មាន​ជាតិ​យើង​ទាំងមូល នៅក្នុង​សង្គម​នា​ពេលបច្ចុប្បន្ន ដោយសារ​អ្នកសារព័ត៌មាន​ខ្លះ​ចុះផ្សាយ​អត្ថបទ​បំផ្លើស​ខុស​ការ​ពិត ចុះ​បំប៉ោង​សាច់​រឿង​សំដៅ​ឲ្យមាន​ការភិតភ័យ ដើម្បី​ជំរិត​ទារលុយ​ពី​ជនរងគ្រោះ​ឫ​គោលបំណង​អ្វី​មួយ ដូច្នេះ តាមរយៈ​នៃ​ការជួយ​ប​ជុំ​គ្នា​នៅ​ពេល​នេះ គឺជា​ការ​បង្ខិត​ឲ្យ​ជិតគ្នា និង​ឱ្យ​កាន់តែ​ស៊ីសង្វាក់​ក្នុង​កិច្ចការងារ រវាង​អាជ្ញាធរ​ខេត្ត មន្ទីរ​ព័ត៌មាន​ខេត្ត និង​អ្នកសារព័ត៌មាន គ្រប់​និន្នាការ​ទាំងអស់ ។

​លោក លី សំរិទ្ឋិ បាន​អំពាវ​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ទៅតាម​គោលការណ៍​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ហើយ ចៀសវាង​ការចុះផ្សាយ​អត្ថបទ​ប្រាសចាក​ពី​ការពិត បំភ្លើស បំភ្លៃ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កើត​ចលាចល ព្រោះ​រាល់​ការចុះផ្សាយ​អត្ថបទ​ត្រូវបាន​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ សិទ្ធិ​បុគ្គល ចៀសវាង​ឱ្យបាន​ការចុះផ្សាយ​រូបភាព​អាសអាភាស ផ្ទុយ​ពី​សីលធម៌​សង្គម មិន​គោរព​សិទ្ធិ​ជនរងគ្រោះ ដោយសារ​បង្ហោះ​រូប​ជនរងគ្រោះ រូបអាក្រាត ជន​រង​គ្រោះ​ថ្នាក់​មិន​បាន​បិទ​រូប​ព្រាលៗ ៕

​អត្ថបទ ៖ លោក យូ វង្ស​
​រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​