ជម្រើស​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​អំពើហិង្សា​លើ​ស្ត្រី​

តាម​ច្បាប់​ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​មាត្រា​១៧ ចែងថា អាជ្ញាធរ​ក្នុងតួនាទី​មិន​អាច​អន្តរាគមន៍​ផ្សះផ្សា​ករណី​ធ្ងន់ធ្ងរ នៃ​អំពើហិង្សា​លើ​ស្ត្រី​បាន​នោះ​ទេ អាជ្ញាធរ​ត្រូវ​ផ្តល់យុត្តិធម៌​ផ្លូវការ​ផ្នែក​ច្បាប់ ដើម្បី​ការពារ​ជនរងគ្រោះ ហើយ​ការប្រើប្រាស់​វិធី​សម្របសម្រួល​គ្រប់​ពេល​ជា​ឧបសគ្គ​ចំពោះ​ស្ត្រី​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​។

បច្ចុប្បន្ន​ការឆ្លើយតប​ចំពោះ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​ពុំទាន់​មាន​ប្រសិទ្ធភាព​ទេ ដោយ​ជនរងគ្រោះ​ជា​ស្ត្រី​មាន​ជម្រើស​តិចតួច​ក្រៅតែពី​សម្រេចចិត្ត​រួមរស់​ជាមួយ​ប្តី​ក្នុងស្ថានភាព​ហិង្សា ហើយ​អង្គការ​ដែរនោះ អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​ចាត់ទុកថា អំពើហិង្សា​ក្នុង​គ្រួសារ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ជួយ​ផ្ដល់​សេវាកម្ម​ជួយ​ស្ត្រី​រងគ្រោះ​ឱ្យ​បាន​ឆាប់​។

យោងតាម​មាត្រា​៣៤ ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ បានចែង ថា ក្រសួង​ស្ថាប័ន​ទាំងឡាយ​របស់​រដ្ឋ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន អង្គការ​នានា និង​ផ្នែក​ឯកជន​ដើម្បី​ជម្រុញ​កម្មវិធី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​។ មន្ត្រី​ពាក់ព័ន្ធ​ទាំងឡាយ និង​ភ្នាក់ងារ​អង្គការ​នានា​ត្រូវបាន​ទទួល ការបណ្ដុះបណ្ដាល​អំពី​បញ្ហា​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ និង​វិធានការ​ទាំងឡាយ​ដែល​មាន​ចែង​នៅ ក្នុង​ច្បាប់​នេះ​ដើម្បី​ឱ្យ​យល់​ពី​មូលហេតុ​ចម្បង​នានា​ដែល​បង្ក​ឱ្យ មាន​ការកើតឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​វិស័យ​នេះ​៕

ដក​ស្រង់​ពី​អត្ថ​បទ​បទ​យកការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម