ឃុំ​កៀន​សង្កែ​៖​ភ្ជាប់​បណ្តាញ​ទឹកស្អាត​មិន​ចំណាយ​ថវិកា​ឡើយ​នៅ​ឆ្នាំ​២០១៩


មានប្រសាសន៍​លើកឡើង​ក្នុងពេល​អញ្ជើញ​ចូលរួម​ជា​វាគ្មិន ក្នុង​កម្មវិធី​សន្ទនា​មតិ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែកក្កដា កន្លងទៅនេះ លោក ហុង លី មេឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម បាន​លើកឡើង​ថា ដើម្បី​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ឆ្នាំ​២០១៩​ខាងមុខនេះ ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ទាំងអស់​នឹង​មិន​អស់​ថវិកា​ក្នុងការ​ត​ភ្ជាប់​បណ្តាញ​ទឹក​ស្អាត​ប្រើប្រាស់​ឡើយ ព្រោះ​ថា​រដ្ឋ​នឹង​បង់ថ្លៃ​សេវា​ត​ភ្ជាប់​នេះ​ជំនួស ប៉ុន្តែ​ការទូទាត់​តម្លៃ​សេវា​ប្រចាំខែ​ជា​របស់​ពលរដ្ឋ​ខ្លួនឯង​។

​លោក ហុង លី បាន​បន្ត​ទៀត​ថា​បច្ចុប្បន្ន​នេះ ឃុំ​កៀន​សង្កែ បានទទួល​ការតភ្ជាប់​បណ្តាញ​ទឹកស្អាត​ចំនួន​៣​ភូមិ​ប៉ុណ្ណោះ ដោយ​ការ​ផ្គត់​ផ្គង​ជា​របស់​ក្រុមហ៊ុន​ឯកជន ហើយ​លោក​រំពឹង​ថា​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​នេះ​ប្រជាពលរដ្ឋ​ទាំង​១២​ភូមិ​ក្នុង​ឃុំ​នេះ​នឹង​ទទួល​បាន​ការ​ផ្គត់​ផ្គង​ទឹកស្អាត​១០០​ភាគរយ​។

​លោក​មេឃុំ​កៀន​សង្កែ បាន​បន្ថែមទៀតថា ចំពោះ​តម្លៃ​ត​ភ្ជាប់​សេវា​ដំបូង​ប្រជាពលរដ្ឋ​ត្រូវ​បង់ថ្លៃ​៧០​ដុល្លា​ក្នុង​មួយ​គ្រួសារ ហើយ​តម្លៃ​ទឹកស្អាត​វិញ​គឺ​៣៥០០​រៀល​ក្នុង​មួយ​គីប​។ គួរ​ឲ្យដឹង​ដែរថា ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ និង​ប្រភេទ​២ មាន​ចំនួន​ប្រមាណ​ជា​៤០០​គ្រួសារ​នៅ​ក្នុង​ឃុំ​កៀន​សង្កែ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​