អាជ្ញាធរ​ឃុំ​ខ្វាវ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ក្រីក្រ មករក​សេវា​ព្យាបាល​សុខភាព​ខ្វាវ​មិន​អស់​ថវិកា​


លោក លុន ឆ​យ ប្រធាន​មណ្ឌល​សុខភាព​ខ្វាវ ស្រុក​ជីក្រែង មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា ការផ្តល់​សេវា​សុខភាព​នៅ​មណ្ឌលសុខភាព​ខ្វាវ​មិន​គិត​ថវិកា​ជា​ធំ​នោះទេ ដោយសារ​តែ​ខាង​លោក​បាន​អនុវត្ត​ទៅតាម គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យទទួល​បាន​សេវា ព្យាបាល​សុខភាព​មិន​អស់​ថវិកា​។ លោក​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​ក្រីក្រ​ទោះ​មិន​មាន ប័ណ្ណ​ក្រីក្រ​ក៏ដោយ ត្រូវតែ​មក​រក​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ខ្វាវ​ឲ្យបាន​ច្រើន​។
Clip: (​ក្នុងនាម​មន្ត្រី​សុខាភិបាល​ផ្តល់​សេវា​ជូន​ពលរដ្ឋ​គឺ​យើង​អត់​បាន​គិត​ពី​រឿង​តម្លៃ​ថ្លៃ​ទេ គឺ​ថា​ពេល​ដែល​ពលរដ្ឋ​គាត់​មាន​បញ្ហា​យើង​អត់​បាន​គិត​ពី​រឿង​តម្លៃ​ទេ យើង​ជួយ​គាត់​មុន​សិន ធ្វើ​យ៉ាងណា​យើង​ដើរ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​ហើយ​ថា យើង​ព្យាបាល​ពលរដ្ឋ​មុន​យើង​អត់​គិត​តម្លៃ​មុន​ទេ​។ សូម​ពលរដ្ឋ​ឃុំ​ខ្វាវ​កុំ បារម្ភ​បញ្ហា​ខ្វះខាត​ថវិកា សម្រាប់​មក​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​មាន​បញ្ហា​ក្រ​យើង លើកលែង​ទាំងស្រុង​មិន​មាន​ប័ណ្ណ​ក្រីក្រ​ក៏​ដោយ ចាស៎ជរា ជនពិការ ព្រះសង្ឃ ព្រោះ​យើង លើកលែង​អត់​មាន​បញ្ហា​ខ្លាច​មក​បង់​សេវា​អត់​មាន​ទេ សូម​កុំ​បារម្ភ​អី​ខ្ញុំបាទ​និង​ទទួល​រងចាំ​។​)

​លោក​ប្រធាន​មណ្ឌល​សុខភាព​ខ្វាវ មានប្រសាសន៍​បែប​នេះ​បន្ទាប់ពី​លោក​បាន​ដឹង នូវ​ការលើកឡើង​របស់​ពល​រដ្ឋ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​ខ្លះ​ក្នុង​ឃុំ​ខ្វាវ​មិន​ហ៊ាន​ទៅ ព្យាបាល​ជំងឺ​ទេ ព្រោះ​គ្មាន​ថវិកា​។​
Clip: (​នៅផ្ទះ​ម្នាក់ឯង​ឈឺ​វិលមុខ​ចុះ​ឯង​គេ​អ្នកធ្វើកា​រដែរ​គេ​យក​ហើយ ខ្ញុំ​ចាស់​ហើយ​អត់​មាន លុយ​ទេ​ទៅ​មណ្ឌល​សុខភាព​សូម​អនុគ្រោះ​ផង​កុំ​យក​ប្រាក់​ពី​ខ្ញុំ​។​)

 

​លោក គង់ ផល្លា មេឃុំ​ខ្វាវ ក៏​បាន​បញ្ជាក់​ក្នុង​បទ​យកការណ៍​ដែរ​ថា សព្វថ្ងៃនេះ លោក​ក៏​បាន​រិះរក​វិធានការ​ក្នុង​ការសហការ​ពី​អ្នកពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​លើ បញ្ហា​ពលរដ្ឋ​មួយចំនួន​ដែល​ពួកគាត់​ក្រីក្រ​តែ​មិន​ទាន់​មាន​ប័ណ្ណ​ក្រីក្រ​ហើយ​ដែរ​។ ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​អាចទាក់ទង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ ឬ​មណ្ឌល​សុខភាព​ខ្វាវ​ក៏បាន ដើម្បី​ឲ្យ​ខាង​លោក​បាន​ដឹង​ហើយ និង​ធ្វើ​ការដោះស្រាយ​ជូន​។
Clip: (​ឃុំ​កំពុង​រៀបចំ​វិធានការ​បន្តទៀត​ប្រហែល​ជា​ថវិកា​របស់​ឃុំ គម្រោង​របស់​ឃុំ​គឺ អាច​គៀងគរ​សម្បុរ​ស​ជន​ផ្សេងៗ​នៅក្នុង​មូលដ្ឋានក្តី ក្រៅ​មូលដ្ឋានក្តី សុំ​ពី​អ្នកមាន​ធនធាន​សម រម្យ​ឲ្យ​គាត់​ជួយ​ចូលរួម​ខ្លះៗ​ដែរ​។ បើសិនជា​មាន​បញ្ហា​នេះ​កើតឡើង​អាជ្ញាធរ​សហការ​ជាមួយ ក្រុម​ការងារ​ឲ្យ​គាត់​ជួយ​ដល់​ពួកគាត់​ឲ្យតែ​យើង​បានដឹង ព្រោះ​កន្លងមក​យើង​ធ្លាប់ធ្វើ​អញ្ជឹង​បាទ​។​)

​ ​
​អាជ្ញាធ​រទាំង​ពីរ​រូប​ខាងលើនេះ ក៏​បាន​អំពាវនាវ​និង​លើកទឹកចិត្ត សូមឲ្យ​ពលរដ្ឋ​មករក សេវា​ព្យាបាល​សុខភាព​របស់​រដ្ឋ​ឲ្យបាន​ច្រើន ចៀសវាង​កុំ​ទៅរក​សេវា​ឯកជន​ខ្លះ​ដែល​មិនមាន អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​ចំណាយ​ថវិកា​ច្រើន​ថែម​ទៀត ពិសេស​ពលរដ្ឋ​ដែល​ក្រីក្រ​គួរតែ​មករក​សេវា​សុខភាព​នៅ មណ្ឌល​សុខភាព​ខ្វាវ ព្រោះ​ការព្យាបាល​មិន​ចំណាយ​ថវិកា​ទេ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា