សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាប ទទួលបាន​ចំណេះដឹង​បន្ថែម អំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

 


​នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​បើក​វគ្គ​ផ្សព្វផ្សាយ​មួយ ស្ដីអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ជូន​ដល់​លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​សមាគម​ខ្មែរ​-​ចិន និង​ផ្នែក​ឯកជន​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប ។

​លោក​ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក៏ដូចជា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជា​សមាគមជាតិ​នាំមុខគេ​ក្នុង​វិស័យ​មនុស្សធម៌ ដោយបាន​បំពេញការងារ​ផ្អែកលើ​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន​៖ មនុស្សធម៌ មិន​លំអៀង អព្យាក្រឹត ឯករាជ្យភាព សេវា​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ហេតុនេះហើយ មាន​សប្បុរសជន​ជាច្រើន​បាន​គាំទ្រ​យ៉ាង​ស្ម័គ្រ ចំពោះ​កាកបាទក្រហមកម្ពុជា ហើយ​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរស​នោះ គឺ​ពិតជា​បានរួម​ចំណែក​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ ឬ​វិបត្តិ​ផ្សេងៗ ។

​លោក​ឧកញ៉ា ហ៊ុយ ភៀវ មានប្រសាសន៍​បន្ថែមថា ជាងនេះទៅទៀត តាមរយៈ​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរស​នេះ វា​ក៏បាន​រួមចំណែក​ដល់​ការកាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​មាតា និង​ទារក , ការលើកកម្ពស់​តម្លៃ​មនុស្សធម៌ សេចក្តីថ្លៃថ្នូរ​នៃ​មនុស្សជាតិ និង ការកាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ឲ្យ​សមាគម​ខ្មែរ​ចិន​និង​ផ្នែក​ឯកជន​ទាំងឡាយ សូម​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា តាមរយៈ​កម្លាំងកាយ​ចិត្ត ធនធាន​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​រួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគាត់​ជួប​ទុក្ខលំបាក ឬ​គ្រោះមហន្តរាយ​ផ្សេងៗ និង សូមជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បន្ត និង​ជួយ​គៀងគរ សមាជិក សមាជិក ដែល​យើង​ស្គាល់ ឲ្យ​ចូលរួម​ជាមួយ​កាកបាទក្រហម​អោយ​កាន់តែ​ផុលផុស​បន្ថែមទៀត ក្នុង​គោលបំណង​ជួយ​ជំរុញ​កំលាំង​មនុស្ស​ធ៌​ម​យើងទាំងអស់គ្នា ។

​ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា ហ៊ុយ ភៀវ រំពឹងថា សមាជិក សមាជិកា​នៃ​សមាគម​ខ្មែរ​-​ចិន​នៅក្នុង​ខេ​ត្សៀ​ម​រាប នឹង​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត អំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ហើយ​រួម​រួប​គ្នា ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​ឲ្យ​កាកបាទក្រហមកម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះមហន្តរាយ ឬ​វិបត្តិ​ផ្សេងៗ ៕​