ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី យាង​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​​វេជ្ជបណ្ឌិត Beat Richner

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល បាន​យាង​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ចេតិយ​តម្កល់​ធាតុ​របស់​ឯកឧត្ដម នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។

​គួររំលឹកថា អដ្ឋិធាតុ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner បុរស​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ពាក់កណ្តាល​ជីវិតចុងក្រោយ ដើម្បី​កុមារ​កម្ពុជា​នោះ ត្រូវបាន​បញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ដោយ​ដង្ហែ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​០៦ បន្ត​មក​ដល់​ស្តុប​សណ្ឋាគារ​សុខា​អង្គរ បត់​តាមផ្លូវ​ស៊ី​វុត្ថា ឆ្ពោះទៅ​កាន់​ផ្សារ​ចាស់ តាម​រង្វង់​មូល​នាគ​បាញ់​ទឹក បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់ បត់​ស្រប​តាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប មកកាន់​ស្ពាន​ព្រះរាជដំណាក់ និង បន្ត​តាម​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ក្រោម​វត្តមាន​របស់​មន្ត្រីរាជកា​រ សិស្ស និស្សិត ប្រជាពលរដ្ឋ​យ៉ាងច្រើន ឈរ​នៅ​អម​សងខាង​ផ្លូវ សម្តែង​ស​មានទុក្ខ និង​សម្តែង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ឯកឧត្ដម ។

​នៅវេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ អដ្ឋិធាតុ​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ត្រូវបាន​ដង្ហែ​តម្កល់​ក្នុងចេយ​តិ​មុខ​មន្ទីរពេទ្យគ​ន្ធ​បុ​ប្ផា​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​គ្រួសារ និង​បងស្រី​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ដែល​អញ្ជើញ​មក​ពី​ប្រទេស​ស្វីស និង​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា យ៉ាងច្រើន​កុះករ ដោយ​បង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល សោកសង្រេង​ដែល​បាត់បង់​នូវ​វីរៈបុរស​របស់​កម្ពុជា ក្នុង​ការងារ​សង្គ្រោះ​ជីវិត​មនុស្ស​។

​ឯកឧត្ដម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ឯ​ប្រទេស​កំណើត ក្រោយ​បាន​ធ្វើ​ពលី​កម្ម​ដើម្បី​បុព្វហេតុ​កុមារ និង​មាតា​នៅ​កម្ពុជា​អស់​រយៈពេល​ប្រមាណ ២៥​ឆ្នាំ ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប