វត្ត​ប្រាសាទ​គោកចក​ទទួលបាន​បច្ច័យ​ជាង​៤០​លាន​រៀល​ពី​អង្គ​កឋិន​សាមគ្គី​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​មកពី​ខេត្ត​ឧ​ប៊ុន​ប្រទេស​ថៃ ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​

ព្រះគ្រូ​វិចិត្រ​វង្សា​ញាតិ​ធ​ម្មោ ហែម​គឹម​សាន ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​គោកចក ក្នុង​ក្រុង​សៀមរាប មាន​ថេរៈ​ដិ​កា​រថា អង្គ​កឋិន​សាមគ្គី​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​មកពី​ខេត្ត​ឧ​ប៊ុន​ប្រទេស​ថៃ , ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក រួមទាំង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ខេត្ត​ផង កាលពីពេល​ថ្មីៗ​នេះ ព​ញ​រះ​តេជគុណ ទទួល​បច្ច័យ​បាន​ចំនួន​៤១.៥១៤.០០០​រៀល , ប្រាក់​ដុល្លារ​ចំនួន ១២.៨៥៩​ដុល្លារ​អាមេរិក និង ប្រាក់​បាត​ចំនួន ៥៣.៤៧០​បាត ហើយ​បច្ច័យ​ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​ឆ្នាំនេះ ក្រៅពី​ការលៃលក​សម្រាប់​ច​តិ​បច្ច័យ និង​សម្រាប់​ចង្ហាន់​ប្រចាំថ្ងៃ​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​វត្ត ថវិកា​មួយចំនួនធំ ត្រូវ​បែងចែក​យកទៅ​កសាង​បន្ត​នូវ​សាលា​ធម្មសភា ឬ​សាលាឆាន់ មួយ​ខ្នង មាន​ទំហំ ៣០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ដែល​នៅ​មិនទាន់​រួចរាល់​នៅឡើយ​។​

​ព្រះគ្រូ​វិចិត្រ​វង្សា​ញាតិ​ធ​ម្មោ ហែម គឹម​សាន មាន​ថេរៈ​ដិ​ការ​បន្ថែមថា ជាធម្មតា ព្រះសង្ឃ​ពឹង​លើ​ទាន និង​បច្ច័យ​ពី​ប្រជា​ពុ​ទ្ឋ​បរិស័ទ ទី​វត្ត​អារាម​ដែលមាន​ការរីកចំរើន​ទៅបាន គឺ​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ដែលមាន​ស​ទ្ឋា​ជឿជាក់​លើ​ព្រះ​ពុ​ទ្ឋ​សាសនា ហើយ​ភាព​រីក​ធំធាត់​របស់​ទី​អារាម ក៏​ជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវភាព​ប្រសើរឡើង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​នោះ​ផងដែរ គួបផ្សំ​ជាមួយនឹង​ទេ​ព្យ​កោសល្យ​ដឹកនាំ​និង ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ព្រះសង្ឃ ក្រោម​គោលការណ៍​ជា​មូលដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់​សង្គម ទើប​អាច​អភិវឌ្ឍន៍ និង​កសាង​ទី​អារាម​បាន​សមរម្យ ៕​