មេឃុំ​គោកធ្លក​ក្រោម បង្ហាញ​វិធានការ​ដោះស្រាយ​លើ​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​រដូវក្តៅ​នេះ​

លោក ជៀ​ប សាន្ត មេឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង បាន​លើកឡើង​ថា ដោយ​មើលឃើញ ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​នេះ ខាង​លោក​ក៏​បាន​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទី​រធន​ធាន​ទឹក និង​ឧតុនិយម​ខេត្តសៀមរាប ដើម្បី​ធ្វើ​ការតាមដាន និង​ចុះ​ត្រួតពិនិត្យ​ទៅ​តាម​ប្រឡាយ​មេ​ធំៗ​០៣​ខ្សែ​។ នេះ​ជា​ការលើកឡើង​របស់ លោក មេឃុំ​គោកធ្លក​ក្រោម ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។

​លោក ជៀ​ប សាន្ត មេឃុំ​គោកធ្លក​ក្រោម បានបញ្ជាក់​ថា ចំពោះ​ប្រឡាយ​មេ​ធំៗ​០៣​ខ្សែ​គឺ​៖ ខ្សែ​ទី​១៖ ឈ្មោះ​ប្រឡាយ​ចិន ប្រវែង​ប្រហែល​១១​គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ភូមិ​ចំនួន​០៦​។

​ខ្សែ​ទី​២៖ ឈ្មោះ​ប្រឡាយ​ក្រពើ ប្រវែង​៧​គីឡូម៉ែត្រ ឆ្លងកាត់​ចំនួន​០២​ភូមិ​។​

​ខ្សែ​ទី​៣៖ ឈ្មោះ​ប្រឡាយ​គីឡូ​តា​ឈឹម ប្រវែង​ជាង​៣​គីឡូម៉ែត្រ ឆ្លងកាត់​ចំនួន​០២​ភូមិ​។

​យ៉ាងណាមិញ ប្រជាពលរដ្ឋ​សរុប​ជាង​១៦.០០០​នាក់ បាន​ជួប​បញ្ហា​ប្រឈម​ក្នុង​ការខ្វះខាត​ទឹក​ក្រៅតែពី​ការបង្ករ​បង្កើន​ផល​កសិកម្ម​ហើយ​នោះ ក៏​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ​។ លោក មេឃុំ​គោកធ្លក​ក្រោម ក៏​បាន​បន្តទៀតថា ទោះជា​មាន​ការលំបាក​ក្នុង​ការដោះស្រាយ​លើ​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ឃុំ​គោកធ្លក​ក្រោម​យ៉ាងណាក្តី ក៏​ខាង​លោក​នៅតែ​បន្ត​ខិតខំ​ព្យាយាម​រក​ដៃគូ​សហ​ការ និង​ការស្នើសុំ​ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បន្តទៀត ដើម្បី​ជួយ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ឆាប់​បាន​ទឹក​ប្រើប្រាស់​ផង​ដែរ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ស៊ូ​ រក្សា