ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

​មានមតិ​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ភូមិ​ឃុំ មន្ត្រី​តាម​បណ្តា​ការិយាល័យ​ក្នុងស្រុក និង​សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់​ទាំងអស់ ត្រូវ​បន្ត​បម្រើសេវា​សាធារណៈ​ដែលជា​តម្រូវ​ការចាំបាច់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ និង​ត្រូវអនុវត្ត​ការងារ​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ចៀសវាង​នូវ​បាតុភាព​ស៊ីសំណូកសូកប៉ាន់ លើ​ការផ្តល់​សេវាសាធារណៈ​ផ្សេងៗ ។

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ មានប្រសាសន៍​ទៀតថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ស្តាប់​មតិយោបល់ ក្តីកង្វល់ និង បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​ទាំងអស់ ក្នុងការ​អនុវត្ត​ការងារ​ក្នុង​អាណត្តិ​ទី​១​កន្លងមក ជាពិសេស​ដើម្បី​ពង្រឹង​យន្តការ​បន្ត​ការគាំទ្រ​នូវ​ការអនុវត្តន៍​កម្មវិធី​គោលនយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​សម្រាប់​គោលដៅ​ស្រុក​នេះ​ថា តើ​ការអនុវត្ត​កន្លងមក​សម្រេចបាន​អ្វីខ្លះ និង​នៅ​ខ្វះខាត​ចំណុច​អ្វីខ្លះ ដែល​ត្រូវ​កែសម្រួល ត្រូវ​រួមគ្នា​បំពេញបន្ថែម ដែល​នេះ​ជា​ជំនួប​ប្រជុំ​លើកដំបូង​សម្រាប់​អាណត្តិ​ទី​២​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ក្រឡាញ់ ។

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សមាជិក​ក្រុមការងារ​ទាំងអស់ ត្រូវ​ចងចាំ​ថា ការបំពេញ​តួនាទី​ភារៈកិច្ច​ក្នុង​ការងារ បើ​មាន​ចំណុច​ល្អ​គឺ​មិនសូវ​ទទួលបាន​ការកោតសរសើ​រ​នោះទេ តែបើ​ភ្លាត់​ឱ្យមាន​លេចចេញ​ចំណុច​មិនល្អ​នោះ អ្វីៗ​ដែល​ខំ​ធ្វើ​កន្លងមក​វា​ក្លាយទៅជា​អសារ​ឥត​ការ ដូច​ពាក្យចាស់​ថា ធ្វើ​គុណ​មួយ​សំពៅ​ទោស​តូច​មួយ​ចូលទៅ​រលាយ​គុណ​អស់ ដូច្នេះ សូម​ប្រយ័ត្ន​ជន​ឆ្លៀតឱកាស​មក​បំផ្លាញ​កិច្ចការងារ​យើង ព្រោះ​គោលដៅ​បន្ត​របស់​យើង គឺ​ការពារ​ស​មិ​ទ្ឋ​ផល​ដែល​បាន​នឹង​កំពុង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ឈរលើ​ការពង្រឹង​គោលជំហរ​ស​តិ​អារម្មណ៍ រក្សា​សាមគ្គី​ផ្ទៃក្នុង ស្គាល់​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន និង​រួមគ្នា​ទប់ស្កាត់​នូវ​បាតុភាព​អសកម្ម​ដែលនាំឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ជាពិសេស ធ្វើយ៉ាងណា​ពង្រឹង​ឱ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ថែមទៀត​លើ​ការបំរើ​សេវាសាធារណៈ​ដែលជា​កញ្ចប់​សេវា​តំរូវការ​ចាំ​ចាប់​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ បាន​សំណូមពរ​ដល់​រដ្ឋបាល​ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ត្រូវ​រួមគ្នា​បំផុស​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ឱ្យ​ស្រឡាញ់​បរិស្ថាន អនាម័យ​សាធារណៈ ជាពិសេស​គួរ​នាំគ្នា​សំអាត​អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ស្រុក ឱ្យបាន​ជាប្រចាំ និង ត្រូវ​ពង្រឹង​ផងដែរ ទៅលើ​សណ្តាប់ធ្នាប់​សាធារណៈ រួមគ្នា​បំផុស​បន្ថែមទៀត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​សហការគ្នា ទប់ស្កាត់​ឱ្យបាន​ជាប្រចាំ ដោយ​អនុវត្ដ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ៕​