ប្រាសាទទន្លេស្ងួត​កំពុង​ទទួលបាន​ការជួស​ជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ខណៈដែល​ប្រាសាទ​នេះ​កំពុង​រង​នូវ​ការ​ទ្រុឌទ្រោម​ខ្លាំង​

លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទទន្លេស្ងួត បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​បានរ​ង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត និង​ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ព្រោះ​វា​ដុះ​លើ​ប្រាសាទ ហើយ​ចាក់ឫស​ចូល​គ្រឹះ​ធ្វើឱ្យ​ថ្ម​នៃ​រចនា​សម្ពន្ធ​ប្រាសាទ​រំកិល​ចេញពី​ស្ថានភាព​ដើម ទើប​មាន​ថ្ម​ខ្លះ​រអិល​ធ្លាក់ ហើយ​ខ្លះទៀត​ឫស​ឈើ​ទាញ​ចេញពី​គ្នា​។

​លោក ជា សារិទ្ធ បានបញ្ជាក់​ទៀតថា ដោយសារ​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​នេះហើយ កាលពី​ឆ្នាំ​២០០៥ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ទល់​ទ្រ​ជុំវិញ​ប្រាសាទ​ទប់ទល់​នឹង​ការបាក់​រលំ លុះដល់​ឆ្នាំ​២០១៩ ទើប​ក្រុមការងារ​មានលទ្ធភាព​ក្នុងការ​ជួសជុល ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ​ឱ្យមាន​លំនឹង​ឡើងវិញ ក៏ដូចជា​ការលើកតម្លៃ​មរតក​ដូនតា ដែលជា​ស្ថាបត្យកម្ម​ដ៏​សំខាន់​មួយ​នៃ​មន្ទីរពេទ្យ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ឱ្យមាន​រូបរាង​ល្អប្រសើរ​ឡើងវិញ​។

​លោក ជា សារិទ្ធ បានបញ្ជាក់​បន្ថែមទៀត​ថា ចំពោះ​ដំណើរការ​ជួសជុល​ប្រាសាទទន្លេស្ងួត វា​មាន​ភាពលំបាក​និង​ស្មុគស្មាញ​ខ្លាំង ព្រោះ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​បាន​ខូច​ទាំងស្រុង មិនអាច​ទ្រ​លំនឹង​តួ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់​បាន ដូច្នេះ កិច្ចការ​នេះ ត្រូវ​ទាមទារ​ពេលវេលា​យូរ អ្នកជំនាញ និង​បច្ចេកទេស​ច្បាស់លាស់ ដោយ​ចែកជា​ពីរ​ដំណាក់កាល គឺ ៖ ទី​១. រុះរើ​តួ​ប្រាសាទ​ទាំងអស់​ពីលើ​ដល់​គ្រឹះ ហើយ​ប្រមូល​ថ្ម ចុះបញ្ជី​ថ្ម ចុះ​លេខ​ថ្ម សម្រង់​ប្លង់​ប្រាសាទ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​៤​កន្លែង​ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​មុននឹង​ធ្វើការ​ជួសជុល និង​ទី​២. គឺ​ការ​រៀបសា​ឡើងវិញ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដើម ទម្រង់​ដើម ដោយមាន​ការសិក្សា​យ៉ាង​ល្អិតល្អន់​ទាំង​គ្រឹះ ជញ្ជាំង និង​ដំបូល ព្រមទាំង​ធ្វើការ​សិក្សា​រក​ថ្ម​រ៉ា​យ​ប៉ាយ ប្រមូល​រៀប​ផ្គុំ​សាកល្បង ហើយ​យក​ដាក់​បំពេញ​ទីតាំង​ដើម​វិញ​ក្នុងពេល​ជួសជុល​។

​សូមបញ្ជាក់ថា ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ​ក្នុង ចំណោម​មន្ទីរពេទ្យ​ទាំង​១០២​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាងជើង​ក្រុង​អង្គរធំ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២ ។

 

​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​កំណាយ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញ​ទ្វារបាល​កម្ពស់​ជិត​២​ម៉ែត្រ ព្រះពុទ្ធ​ស្តេច​ថ្នាំ បដិមា​ជាច្រើន​អង្គ បំណែ​កជើង​ទ្វារបាល និង​ស្លាកស្នាម​រស់នៅ​របស់​ប្រជាជន​នា​អតីតកាល​ជាច្រើន ។

​ប្រាសាទ​នេះ មិន​ធ្លាប់មាន​ការជួសជុល​ឡើយ​ពីមុន គឺ​មានតែ​អ្នកជំនាញ​បារាំង​បាន​ចូលមក​ថែទាំ​សម្អាត​និង​កាប់​ដើមឈើ​ដុះ​លើ​ប្រាសាទ​នា​ឆ្នាំ​១៩៣០ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​តួ​ម៉ប​ជ្រុង​អាគ្នេយ៍ និង​ជុំវិញ​ប្រាសាទ​ដើម្បី​បក​យក​កំណក​ដី​លើ​ខឿន​ប្រាសាទ ហើយ​ប្រមូល​ថ្ម​ដែល​ធ្លាក់​ពីលើ​មក​ទុក​មួយកន្លែង និង​ចងក្រង​ឯកសារ​ខ្លះៗ​តែប៉ុណ្ណោះ​៕​