តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សន្យា​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តសៀមរាប ក្រោយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ នឹង​ទទួលបាន​អាហារូបករណ៍ និង​ការ​ស្នាក់នៅ​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន បេ​ក្ខ​នារី ដែល​កំពុង​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ បន្ទាប់ពី​បញ្ចប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ព្រឹក នា​ថ្ងៃទី​០២​នៃ​ការប្រឡង​នេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍ថា សម្រាប់​ជាការ​លើកទឹកចិត្ត​និង​ផ្តល់​អាទិភាព ដល់​បេក្ខជន បេ​ក្ខ​នារី​ក្រីក្រ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ហើយ​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ តែ​ពុំមាន​ល​ទ្ឋ​ភាព​បន្ត​ការសិក្សា​បាន ឯកឧត្តម​នឹង​ផ្តល់​អាហារូបករណ៍​ដល់​ពួកគាត់ ដោយ​ជួយ​កន្លែង​ស្នាក់នៅ ផ្តល់​អាហារ​ហូបចុក បង់ថ្លៃ​សិក្សា​ឱ្យ និង​ផ្តល់​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើដំណើរ ។​

​ឯកឧត្តម សៀង ណាំ មានប្រសាសន៍​បន្ថែមថា អាហារូបករណ៍​ទាំងអស់​មាន​ប្រមាណ​ជា​១០០​នាក់ ក្នុងនោះ​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុនសែន ៧០​នាក់ និង​អាហារូបករណ៍​សាកលវិទ្យាល័យ​អង្គរ​ចំនួន​៣០​នាក់ ហើយ​អាហារូបករណ៍​ទាំងអស់នេះ សិស្ស​អាច​ជ្រើសរើស​មុខជំនាញ និង​សិក្សា​នៅតាម​សាកលវិទ្យាល័យ​ណា​ដែលមាន​ជំនាញ​តាម​ការជ្រើសរើស​របស់​ខ្លួន ពិសេស​ស្វែងរក​ចំណេះ​ជំនាញ​ឱ្យ​ពិតប្រាកដ តាម​សាកលវិទ្យាល័យ​នានា​ទៅតាម​ចំណង់​ចំណូលចិត្ត​ដែល​ខ្លួន​ចង់​រៀន ស្របទៅតាម​ល​ទ្ឋ​ភាព​ជីវភាព​គ្រួសារ​ផងដែរ ដូច្នេះ​ក្នុងឱកាស​នេះ សូម​ជូនពរ​ដល់​ក្មួយៗ​ទាំងអស់ សូម​ឲ្យ​មាន​សុខ​ភាពល្អ និង ប្រឡង​ជាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

​ឯកឧត្តម សៀង ណាំ មានប្រសាសន៍​បន្ថែមទៀត​ថា ចំពោះ​ក្មួយៗ ដែល​មិន​ទទួលបាន​លទ្ធផល​ល្អ ក៏​កុំ​បោះបង់​ក្តីសង្ឃឹម​ឲ្យ​សោះ ហើយ​ក្មួយៗ​ត្រូវខិតខំ​រៀន​បន្ថែម​ទៀត ដើម្បី​អនាគត​របស់​ក្មួយ ព្រោះ​ក្មួយៗ​ជា​ចន្ទល់​នៃ​ក្តីសង្ឃឹម​របស់​គ្រួសារ និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​នាពេល​អនាគត ហេតុនេះ​ក្មួយៗ ត្រូវតែ​ខិតខំ​ពុះពារ​រាល់​ការលំបាក ព្យាយាម និង​ខំប្រឹង​រៀនសូត្រ​បន្ថែមទៀត​។​

 

​គួររំលឹកថា នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ខណៈដែល​បេក្ខជន បេ​ក្ខ​នារី​កំពុង​ចេញពី​បន្ទប់​ប្រឡង ឯកឧត្តម​ឧកញ៉ា​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ចុះទៅ​សួរសុខទុក្ខ​ក្មួយៗ នៅ​មណ្ឌល​ប្រឡង​នៃ​អនុ​វិឡា​ល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រួស ព្រម​បាន​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ក្មួយៗ ដែល​បានមក​ប្រឡង និង បាន​ជួប​សំណេះសំណាល​ជាមួយ​មាតាបិតា​សិស្ស ដែល​មកពី​ភូមិ​ឃុំ​ស្រុក​ឆ្ងាយៗ អម​ជាមួយ​បាយ​ម្ហូប​កញ្ចប់ ដើម្បី​លើកទឹកចិត្ត​កូន​ក្នុង​ការប្រឡង​នេះ ព្រមទាំង​បាន​ជំរុញ​ដល់​មាតាបិតា និង អាណាព្យាបាល​ទាំងអស់ ត្រូវ​បន្ត​ជួយ​ជ្រោមជ្រែង​កូន​ឱ្យ​អស់ពី​ល​ទ្ឋ​ភាព ដើម្បីឱ្យ​កូន​បាន​ចូលរៀន​បន្ត​នៅ​សាកលវិទ្យាល័យ ។​

 

​សូមបញ្ជាក់ថា​៖ ស្ថានភាព​ទូទៅ​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ខេត្តសៀមរាប សម្រាប់​ថ្ងៃទី​១៩​និង​២០ ខែសីហា​ឆ្នាំ​២០១៩​នេះ បាន​ដំណើរការ​ទៅ​ប្រកបដោយ​លក្ខណៈ​ល្អប្រសើរ ដោយ​កម្លាំង​សមត្ថកិច្ច និង មន្ត្រី​ពាក់ព័ន្ធ មាន​ស្មារតី​ខ្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ នៅតាម​មណ្ឌល​និ​មួយៗ ប្រកបដោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ៕​