ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​ខេត្តសៀមរាប បញ្ជាក់ថា ពិធី​បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បី​យ៉ាង​សំខាន់​

លោក ផន សុខា អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ពិធី​បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បី​យ៉ាង​សំខាន់ គឺ​ទី​១ រំលឹក​នឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រ​ង​ធ្វើ​ចតុរង្គសន្និបាត , ២ រំលឹក​នឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ឱវាទ​បាតិមោក្ខ និង​ទី​៣ រំលឹក​នឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ​។​



លោក ផន សុខា បាន​បន្តថា ដើម្បី​ថែរក្សា​ទំនៀមទម្លាប់​របស់​ខ្មែរ​តាំងពី​បុរាណ​មក និង​ដើម្បី​លើកកម្ពស់​វិស័យ​ព្រះ​សាសនា គ្រប់​វត្ត​អារាម​ទាំងអស់​ក្នុង​ខេត្តសៀមរាប និង​រៀបចំ​ពិធី​បុណ្យ​មាឃបូជា ដោយ​តុបតែង​លម្អរ​ភ្លើង​ពណ៍ ចង់​បដា​ទង់ជាតិ​សាសនា ទង់​ជ្វាលា និង​ព្រះសង្ឃ​និមន្ត​ម​ន្ស​កា​សូទ្រ​គាថា និង​សម្តែងធម៌​ទេសនា​ជាដើម ។​



ជាមួយគ្នានេះ ពុទ្ធសាសនិក​នៅ​កម្ពុជា ភាគច្រើន​បាន​ធ្វើ​ចង្ហាន់​ដើម្បី​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានា​។ ស្របគ្នា​នេះ ពុទ្ធបរិស័ទ​នៅតាម​វត្ត​អារាម​មួយចំនួន​ក៏​បាន​ដង្ហែ​ក្បួន​ដាក់​បង្ហាញ​គំនូរ​ដែល​និយាយ​ពី​ពុទ្ធប្រវត្តិ​ផងដែរ​។​


គួររំលឹកថា ពិធី​បុណ្យ​មាឃបូជា គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ធ្វើ​ចតុរង្គ​សន្និបាត ដោយមាន ព្រះអរហន្ត​ចំនួន​១.២៥០ អង្គ សំដែង​នូវ​ឱវាទ និង​ទ្រង់​ប្រកាស​ដាក់ ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ បញ្ជាក់​ថា​ចាប់ពី​ថ្ងៃនេះ​ទៅ ៣ ខែ​ទៀត ព្រះអង្គ​នឹង​បរិនិព្វាន​ហើយ​។ ជាក់ស្តែង ដែល​កំណត់​យក​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែ​មាឃ នេះ​ព្រោះ​ទាក់ទង​ទៅ និង​ពុទ្ធប្រវត្តិ ដូច​ពិសាខបូជា​ដែរ ៕

 

អត្ថ​បទ​៖​ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប