យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១​និង​៥៤​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០១៩​នេះ មាន​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ WU TIANWEN ភេទ​ស្រី អាយុ​៥៥​ឆ្នាំ សញ្ជាតិ​ចិន ស្នាក់នៅ​សណ្ឋាគារ Amour D’angkor បន្ទប់​លេខ​២០៩ ស្ថិតនៅ​ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់ ជ្រាវ ក្រុង​សៀមរាប ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង បាន​ឆក់យក​កាបូបស្ពាយ​០១​ពីលើ​ភ្លៅ​យកទៅ​បាត់ នៅត្រង់ចំនុច​ខាងត្បូង​ប្រាសាទបន្ទាយក្តី ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ខណៈដែល​ពេល​គាត់​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ ពី​បញ្ជរ​លក់​សំបុត្រ​ទស្សនា​ប្រាសាទ ទៅ​ទស្សនា​នៅ​បរិវេណ​ប្រាសាទអង្គរធំ ដែល​សម្ភារ​នៅក្នុង​កាបូប​នោះ​មាន ៖ លិខិតឆ្លងដែន ចំនួន ០២ ក្បាល , លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល , លុយ​ដុល្លារ​ចំនួន​២០០​ដុល្លារ​អាមេរិក , លុយ​ចិន​ចំនួន ៥១០០ យន់ , អត្តសញ្ញាណ​បណ្ណ​ចំនួន​០២ សន្លឹក និង បណ្ណ​ឥណទាន​ចំនួន ០៦​សន្លឹក​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា លុះដល់​ម៉ោង​០៤​និង​៤០​នាទី​ល្ងាច សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ​ដែល​ជិះ​ឆក់​កាបូប​ភ្ញៀវ​ខាងលើ ហើយក៏​ដេញតាម និង​ស្ទាក់ចាប់ បន្ទាប់មក​ជនសង្ស័យ​បាន​បើក​គេចខ្លួន​ដល់​ត្រង់ចំណុច​ក្បែរ​ប្រាសាទតាព្រហ្ម ក្នុងពេលនោះ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​បាត់ រីឯ​ជនសង្ស័យ​ម្នាក់ទៀត ក៏បាន​បើក​ម៉ូតូ​គេច​រហូតដល់​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ពេល​ឃើញ​សមត្ថកិច្ច ក៏​បើក​ម៉ូតូ​ចូលក្នុង​ព្រៃ​ហើយ​ទុក​ម៉ូតូ​ចោល​រួច​គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្វែង​រកឃើញ​និង​ឃាត់ខ្លួន​បានតែ​ម្តង ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ជនសង្ស័យ​ឈ្មោះ ម៉ៅ រតនា ហៅ​ណា​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុង​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ លេខ​តួលេខ​ម៉ាស៊ីន ៥៥០៥២៧៥ ហើយ​ក្រោយពី​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ក៏​នាំ​ជនសង្ស័យ​ទៅយក​វត្ថុតាង ជា​កាបូប​យួរដៃ​ពណ៌​ខ្មៅ​ចំនួន​០១ ដែល​បក្ខពួក​ជនសង្ស័យ​បោះចោល ដែល​នៅក្នុង​កាបូប​នោះ រកឃើញ​មាន ៖ លិខិតឆ្លងដែន​ចំនួន​០២​ក្បាល , អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​០១​សន្លឹក , កាត​ATM​ចំនួន​០២​សន្លឹក , ឆ័​ត្រ​ចំនួន ០១ , កាបូបដៃ​ដាក់​ប្រាក់​ពណ៌​ខ្មៅ​ចំនួន​០១ , ប្រាក់​កាក់​ចំនួន​០៨​កាក់ , ក្រដាស់ប្រាក់​ចិន ប្រភេទ​០១​យន់ មាន​ចំនួន ៩៦​សន្លឹក , កូនសោរ​ចំនួន​០១ និង សំបុត្រ​ចូល​ទស្សនា​ប្រាសាទ ចំនួន​០១​សន្លឹក រួមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត រីឯ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕​