បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​ហ្នឹង​កន្លែង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១៩ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាម​នៅ​ហ្នឹង​កន្លែង ។

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ សៀមរាប 3A-1514 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ពេល​កើត​រួច​បាន​គេចខ្លួនបាត់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1N-6429 បើកបរ​ដោយ​ឈ្មោះ​នូ ឆុន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ រស់នៅ​ភូមិ​បិតមាស ឃុំ​សំរោង ស្រុក​សូទ្រនិគម បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​មិន​ប្រកាន់​ស្តាំ ហើយ​ភ្លាមៗ​នោះ កម្លាំង​នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ និង​ធ្វើការ​វាស់វែង និង​បាន​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​បន្ត ៕​